ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអស្ចារ្យមែន! ក្រុមហ៊ុនអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត របស់កំពូលមហាសេដ្ឋី Jeff Bezos នឹងប្រកាសលក់សំបុត្រ ទៅកម្សាន្តនៅទីអវកាស

ចែករំលែក៖

អន្តរជាតិ​៖​ វាពិតជាអស្ចារ្យខ្លាំងណាស់​ នៅទីបំផុត​! ក្រុមហ៊ុនអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត ប៊្លូ អូរីជីន (Blue Origin) របស់កំពូលមហាសេដ្ឋីអាមេរិក ចេហ្វ បេហ្សូស (Jeff Bezos) នៅថ្ងៃពុធទី៥​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់សំបុត្រ សម្រាប់ការទៅធ្វើដំណើរទស្សនាកម្សាន្តនៅលំហអវកាស តាមរយៈយានអវកាស ញូ ហ្សេភើដ (New Shepard)។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅល្ងាចថ្ងៃពុធ ទី០៥ ខែឧសភានេះ​។

ទីភ្នាក់ងារព័ត៌មាន Reuters​ បាននិយាយថា​ ក្រុមហ៊ុន Blue Origin​ នេះ​ កាលពីសប្តាហ៍មុន​ បានបង្ហើបថា ខ្លួននឹងចាប់ផ្តើមការលក់សំបុត្រសម្រាប់ដំណើរទស្សនា នៅទីអវកាសក្នុងពេលឆាប់ៗ ក្រោយពីចំណាយពេលរាប់ឆ្នាំក្នុងការអភិវឌ្ឍ និងធ្វើតេស្តយានអវកាសរបស់ខ្លួន។ ជាក់ស្ដែង​នៅថ្ងៃពុធនេះ (ពេលវេលានៅសហរដ្ឋអាមេរិក) គេរំពឹងថា​ ក្រុមហ៊ុន Blue Origin នឹងចាប់ផ្តើមការដាក់លក់សំបុត្រ រួមជាមួយសេចក្តីប្រកាសលម្អិតអំពី របៀបទិញសំបុត្រ, រយៈពេលនៃការធ្វើដំណើរ និងជាពិសេសនោះគឺតម្លៃសំបុត្រ ដែលត្រូវបានលាក់ការយ៉ាងប្រុងប្រយ័ត្នបំផុតរាប់ឆ្នាំមកនេះ។ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់មានការរាយការណ៍ថា តម្លៃសំបុត្រនោះថ្លៃយ៉ាងហោច ២សែនដុល្លារ សម្រាប់អ្នកដំណើរម្នាក់។

គួរជម្រាបថា យានអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នាតែម្តង រវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរ បានសរុបចំនួន ០៦នាក់ ដោយស្វ័យប្រវត្តិ ឡើងទៅកាន់រយៈកម្ពស់ជាង ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាស អាចទទួលបានបទពិសោធន៍ នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយាន New Shepard ចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោងផងដែរ៕ ដោយ​៖ ស​ តារា​

រូបភាព​៖Reuters


ចែករំលែក៖