ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើសកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ត្រូវបានឃាត់ខ្លួនមកសាកសួរនិងកសាងសំណុំរឿង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងសកម្មភាពកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ដោយប្រើគ្រឿងចក្រ ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចមន្ទីរបរិស្ថានខេត្ត រួមជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនយកមកសាកសួរនៅមន្ទីរបរិស្ថានខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមន្រ្តីឧទ្យានុរក្សចុះល្បាតហើយប្រទះឃើញសកម្មភាពលួចឈូសឆាយដីព្រៃក្នុងបំណងយកដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ នៅចំណុចដៃអូរតេ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន។

ក្រោយការចុះទប់ស្កាត់សកម្មភាពល្មើសច្បាប់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ គ្រឿងចក្រអេស្កាវាទ័រ ម៉ាក CAT ពណ៌លឿង ចំនួន១គ្រឿង, អាល់ប៊ុល ម៉ាក CAT D5 ចំនួន១គ្រឿង, អាប៊ុល ម៉ាក CASE 650G ពណ៌លឿង ចំនួន១គ្រឿង, ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន២គ្រឿង និងម៉ាស៊ីនភ្លើងចំនួន១គ្រឿង យករក្សាទុកបណ្ដោះនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

បច្ចុប្បន្នមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធន្មជាតិ បាននិងកំពុងសាកសួរអ្នកពាក់ព័ន្ធដើម្បីបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖