ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំណេះទូទៅគ្រប់កម្រិត និងសាធារណជនទាំងអស់ ជ្រាបអំពី ការប្រកាសដាក់ឲ្យប្រើជាផ្លូវការនៃ កម្មវិធីស្វ័យសិក្សាដែលមានឈ្មោះថា “MoEYS E-Learning” ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ តទៅ។
ដោយមើលឃើញពីសារៈសំខាន់ និងតួនាទីនៃវិស័យអប់រំ ក្នុងការធានានិរន្តរភាពនៃការអភិវឌ្ឍជាតិ និង ក្នុងគោលដៅកសាងមូលដ្ឋានឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ដើម្បីបន្តអភិវឌ្ឍវិស័យអប់រំប្រកបដោយ បរិយាបន្ន សមធម៌ និងគុណភាព ឆ្ពោះទៅកាន់យុគសម័យឌីជីថល ក៏ដូចជាឆ្លើយតបទៅនឹងបរិបទនៃការ រាតត្បាតជំងឺកូវីដ-១៩ ជាសកល ជាពិសេសផលប៉ះពាល់ទៅលើវិស័យអប់រំនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរួមគ្នារិះរក និង ពង្រីកបន្ថែមនូវឧបករណ៍ យន្តការ និងជម្រើសនៃការផ្តល់សេវាអប់រំ និងការរៀនសូត្រ សម្រាប់សិស្សានុសិស្ស នៅចំណេះទូទៅ ជាពិសេសការបង្កើតឧបករណ៍ស្វ័យសិក្សាតាមប្រព័ន្ធឌីជីថល ដែលមានលក្ខណៈសម្បូរបែប ទូលំទូលាយ និងងាយស្រួលទទួលបានចំពោះសិស្សានុសិស្សគ្រប់រូប។
គំនិតផ្តួចផ្តើមក្នុងការបង្កើតកម្មវិធីស្វ័យសិក្សា “MoEYS E-Learning” បានកើតឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ដូចជាឆ្លើយតបទៅនឹងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងក្រោមកិច្ចសហការរួមគ្នារបស់ ក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុន E-School Cambodia និងការគាំទ្រពី គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ របស់រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា។
កម្មវិធីស្វ័យសិក្សាដែលបានអភិវឌ្ឍឡើងតាមបែបឌីជីថល និងបច្ចេកវិទ្យានេះ នឹងផ្តល់ភាពងាយស្រួល រហ័ស និងចំណេញពេលវេលា ដល់សិស្សានុសិស្ស ក្នុងការចូលទៅប្រើប្រាស់ និងអាចទាញយកប្រយោជន៍ដ៏ ច្រើនសម្បូរបែបផងដែរ។ កម្មវិធីនេះ នឹងផ្តល់ជាជម្រើសមួយបន្ថែមទៀត ក្នុងការអនុវត្តទស្សនាទាន “គន្លងជីវិតថ្មី ក្នុងវិស័យអប់រំនៅកម្ពុជា ដែលសិស្សានុសិស្សនៅកម្រិតចំណេះទូទៅ អាចធ្វើស្វ័យសិក្សាបន្ថែមស្របតាមភាពចាំបាច់ និងជាឧបករណ៍អប់រំដ៏ប្រសើរមួយទៀតសម្រាប់ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកអាណាព្យាបាល ក្នុងការជួយ បង្រៀនកូននៅផ្ទះ ចង្អុលបង្ហាញ និងតម្រង់ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស ឲ្យសិក្សាបំពេញបន្ថែម រំលឹកមេរៀន ឬរៀនត្រៀមសម្រាប់មេរៀនណាមួយដែលចាំបាច់ នៅគ្រប់កម្រិត និងគ្រប់ភូមិសិក្សានៃការអប់រំចំណេះ ទូទៅ។
ឧបករណ៍ស្វ័យសិក្សាតាមប្រព័ន្ធឌីជីថល ដែលមានលក្ខណៈបើកទូលាយសម្រាប់សិស្សានុសិស្សទូទៅនេះ គឺជាជម្រើសដ៏ល្អប្រសើរ ដែលផ្តល់ឲ្យសិស្សានុសិស្សគ្រប់រូបនូវឯកសារ និងឧបករណ៍សិក្សាចាំបាច់នានាឲ្យមាន ក្នុងដៃ។ បន្ថែមពីលើនោះ កម្មវិធីនេះ នឹងជួយជំរុញដល់សិស្សានុសិស្សឱ្យអាចសម្របខ្លួនទៅនឹងទស្សនាទាន “ការអប់រំតាមបែបឌីជីថល តាមរយៈការស្វែងយល់បន្ថែមដោយខ្លួនឯងអំពីបំណិនជីវិត ជាពិសេសទំនួល ខុសត្រូវ ការគ្រប់គ្រងពេលវេលា ភាពអត់ធ្មត់ ការខិតខំប្រឹងប្រែង ការពង្រីកចំណេះដឹង និងការអភិវឌ្ឍសមត្ថភាព ស្របតាមកាលៈទេសៈ និងទាន់សម័យកាល ដើម្បីអនាគតខ្លួន។
ដើម្បីទទួលបាន និងអាចប្រើប្រាស់កម្មវិធីស្វ័យសិក្សានេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសាធារណជន ត្រូវចូលទៅក្នុង App Store, Google Play ឬ AppGallery ដើម្បីទាញយក កម្មវិធីស្វ័យសិក្សា MoEYS E-Learning និងអានសេចក្ដីណែនាំបច្ចេកទេស ដែលមានក្នុងកម្មវិធីស្រាប់ របស់ក្រសួងអប់រំ យុវជន និងកីឡា និងស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩ ផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៨-២០២៣ “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ” របស់សហភាពសហព័ន្ធយុវជនកម្ពុជា ការបង្កើតកម្មវិធីស្វ័យសិក្សា «MoEYS E-Learning. គឺជាសមិទ្ធផលថ្មីមួយ ដែលកើតចេញពីកិច្ចសហការ ប្រកបដោយមោទកភាពរបស់គ្រប់បណ្តាស្ថាប័នពាក់ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមរៀបចំជាវីដេអូបង្រៀន ដោយឈរលើស្មារតីទទួលខុសត្រូវរួមគ្នា ក្នុងគោលបំណងបន្តធានាការផ្ដល់សេវាអប់រំប្រកបដោយប្រសិទ្ធភាព និងគុណភាព ដើម្បីអនាគតរបស់កុមារ និង យុវជនកម្ពុជា ដែលជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកបន្តវេននៅពេលអនាគត ឆ្ពោះទៅជំរុញវឌ្ឍនភាព សង្គមលើគ្រប់វិស័យ និងឆ្ពោះទៅការសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៥០។
ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ស្វ័យសិក្សានេះ តាមលទ្ធភាព និងប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធ៕
ដោយ៖ សុខ ខេមរា