ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបង៖ រកឃើញពលករម្នាក់​ មកពីប្រទេសថៃ​ មានវិជ្ជមានជំងឺកូវីដ១៩ នៅស្រុកសង្កែ​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖ បេីយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា​ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ម្នាក់ ដែលជាពលករមកពីប្រទេសថៃ។

នៅក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា បុរស​ម្នាក់ឈ្មោះ ហ៊ុត ហ៊ាង អាយុ៣០ឆ្នាំ រស់នៅភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែរ មានមុខរបរជាបុគ្គលិកអនាម័យផ្សារទំនើប នៅទីក្រុងបាងកក​ រកឃើញវិជ្ជមានជំងឺកូវីដ១៩។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដខាងលើ បានវិលត្រឡប់មកពីប្រទេសថៃតាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២ ១ ដែលមានអ្នករួមដំណើរ២៤នាក់ មកចុះនៅមណ្ឌលចត្តាឡីស័កបឋមសិក្សាសាលាបាឡាត់ ក្រុងបាត់ដំបង។ បន្ទាប់មកបានបញ្ជូន ពលករ៧នាក់ ពីមណ្ឌលចត្តាឡីស័កនោះ មកបន្ដធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យអូរដំបង១ នៅស្រុកសង្កែ។

ដោយឡែក​ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ និងយកសំណាកជាលើកទី២ បានរកឃើញវិជ្ជមានបុគ្គលខាងលើតែម្ដង ហើយបច្ចុប្បន្នបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

ដោយ​៖សហការី​


ចែករំលែក៖