ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួម​សោកស្ដាយ​! ចំពោះ​កម្មការិនីរោងចក្រម្នាក់​ មានវិជ្ជមានជំងឺកូវីដ-១៩​ និង​មានផ្ទៃពោះ៧ខែ បានទទួលមរណៈភាពហេីយ​ នេះបើ​តាមការបញ្ជាក់ពី​លោក​ អភិបាលខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖​ សូមចូលរួមរំលែកទុុក្ខក្រុមគ្រួសារផង​ ខណៈដែល​កម្មការិនីររោងចក្រម្នាក់ ដែលមានផ្ទៃពោះ៧ខែ មានវិជ្ជមានជំងឺកូវីដ-១៩នោះ ពេលនេះទទួលមរណៈភាព​ហើយ​ កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។​ នេះបេីតាមការ​បញ្ជាក់ពី​លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែង​នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ។

ជាក់ស្ដែង​យោងតាមលិខិតមរណៈភាពរបស់ មន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ដ្រីដែលវិជ្ជមានជំងឺកូវីដ-១៩ ដោយបានទទួលមរណៈភាពនេះ ឈ្មោះ សុត ម៉ៃ អាយុ៣០ឆ្នាំ រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ កម្មការិនីរូបនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មុនការស្លាប់ប្រហែល៣០នាទី។

បេីតាមសេចក្តីប្រកាសព័ត៌មានពី​ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែង​បន្តថា កម្មការិនីរោងចក្រដែលទទួលមរណៈភាពនេះ មានផ្ទៃពោះ៧ខែ ហើយនៅពេលមានអាការៈសង្ស័យដំបូង គាត់មិនបានមកជួបក្រុមគ្រូពេទ្យ ឬយកសំណាកពិនិត្យរកជំងឺកូវីដ-១៩នោះទេ លុះស្ថានភាពកាន់តែធ្ងន់ធ្ងរទើបក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យ ដោយមានការសង្ស័យក្រុមគ្រូពេទ្យ បានបញ្ជូនមកមន្ទីរពេទ្យខេត្ត ហើយពេលកំពុងសង្គ្រោះបានប្រហែល៣០នាទី គាត់ក៏ទទួលមរណៈភាពតែម្ដង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនី ដែលបម្រើការងារនៅរោងចក្រមានជាប់ពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ ត្រូវផ្ដល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ឬមន្ដ្រីសុខាភិបាល ដើម្បីយកសំណាកក្នុងករណីសង្ស័យ ដោយមិនត្រូវទុក្ខឲ្យខ្លួនឯងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ៕ដោយ ​៖ សហការី​


ចែករំលែក៖