ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកដំណើរដែលឆ្លងកូវីដ-១៩ ចំនួន២២នាក់មកពីភ្នំពេញចូលទឹកដីខេត្តស្វាយរៀង

ចែករំលែក៖

   ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឱ្យអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ថា នៅក្នុងខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២២នាក់ទៀតហើយក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

លោកបានបន្តថា អ្នកឆ្លងកូវីដ-១៩ទាំង២២នាក់នេះមកពីភ្នំពេញ និងមាន១នាក់ទៀតដែលជាជនជាតិវៀតណាមឆ្លងពីស្រុករបស់គាត់ចូលមកស្រុកខ្មែរ។

រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរត្រឡប់មកពីបណ្ដារាជធានី ខេត្ត ចូលមកខេត្តស្វាយរៀង ដោយក្នុងនោះ រដ្ឋបាលខេត្តបានសម្រេចលុបចោលនូវសេចក្តីជូនដំណឹងចុះថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២១ ស្តីពីការយកវត្ថុវិភាគសំណាកចំពោះអ្នកដំណើរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ប៉ុន្តែរក្សាទុកទីតាំងដើមទីចូលខេត្តសម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន២ទីតាំង គឺទី១នៅស្រុកស្វាយជ្រំតាមបណ្ដោយផ្លូវជាតិលេខ ១ និងទី២នៅស្រុករមាសហែកជាប់ផ្លូវជាតិលេខ ១៣ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើតេស្តរកមេរោគកូវីដ-១៩ ដើម្បីធ្វើតេស្តចំពោះប្រជាពលរដ្ឋដែលមានការសង្ស័យ ឬស្ថិតនៅក្នុងរោគសញ្ញាសង្ស័យថាមានជំងឺកូវីដ-១៩។

  ទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលបានដឹងខ្លួនថា ធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ឬទើបត្រឡប់មកពីតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ មេត្តាស្ម័គ្រចិត្តទៅធ្វើតេស្តរកមេរោគកូវីដ-១៩ឲ្យបានគ្រប់គ្នា ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីជំងឺកូវីដ-១៩ និងការពារថែរក្សាសុខភាពខ្លួនឯងនិងក្រុមគ្រួសារផង។

  លោកបន្តថា ព្រមជាមួយគ្នានេះដែរ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការការពារ ៣ការពារនិង ៣ កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដោយ៖ យឹម សុថាន


ចែករំលែក៖