ព័ត៌មានទាន់ហេតុការណ៍៖

សាកសព យុវជនលង់ទឹកក្នុងអាងស្តុកទឹកតំបន់ជំរាលក្បាលឆាយ ត្រូវបានក្រុមយុវជនស្មគ្រ័ចិត្តជំនាញមុជទឹកការិយាល័យ អ៊ូនាវានិងពោងសញ្ញាកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ មុជរុករាវរកឃើញដោយប្រើប្រាស់រយៈពេល០៧ម៉ោង….!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក ប៉ែន ជឿន នាយករង ទទួលបន្ទុកការិយាល័យ អ៊ូនាវានិងពោងសញ្ញា កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីមន្ត្រីក្រោមឱវាទថានៅវេលាម៉ោង៣និង៣០ នាទីរសៀលថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២១កន្លងមកនេះមានករណីយុវជនម្នាក់បានចុះមុជទឹកដើម្បីរាវរកលៀសនៅក្នុងអាងស្តុកទឹកស្អាតតំបន់ជំរាលក្បាលឆាយ ស្ថិតនៅក្នុងក្រុមទី០៧ ភូមិ០១ សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនិងមានការណែនាំពីលោក មាន គឹង នាយកសំណង់និងវិស្វកម្មកំពង់ផែស្វយ័តខេត្តក៏ដូចជាការណែនាំចង្អុលបង្ហាញពីលោក លូ គឹម ឈន់ អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុនិងជាប្រតិភូរាជរដ្ឋាភិបាលក៏ដូចជាការស្ម័គ្រចិត្តរបស់ក្រុមយុវជនជំនាញខាងមុជទឹកនៃការិយាលយ័ អ៊ូនាវានិងពោងសញ្ញាកំពង់ផែស្វយ័តខេត្តព្រះសីហនុដែលដឹកនាំដោយលោកប៉ែន ជឿន នាយករងការិយាល័យខាងលើនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ខណៈដែលយុវជនរងគ្រោះបានលង់ទឹកអស់រយៈពេល០១ថ្ងៃនិង០១យប់បានកន្លងផុតទៅហើយសាច់ញាតិនៃជនរងគ្រោះក៏ដូចជាអ្នកជិតខាងបានខិតខំជួយរាវរុករកយ៉ាងណាក៏នៅតែរកមិនឃើញសាកសពជនរងគ្រោះ ទើបលោកនាយករងដឹកនាំកម្លាំងយុវជនស្ម័គ្រចិត្តជំនាញខាងមុជទឹកចំនួន៣៥នាក់ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេសបំពាក់មានដូចជាបំពង់ខ្យល់អុកស៊ីហ្សែនម៉ាស់កញ្ចក់ការពារច្រមុះនិងភ្នែកដើម្បីចុះមុជទឹករាវរុករកទីតាំងកន្លែងកើតហេតុខាងលើ ដោយប្រើប្រាស់រយៈពេលអស់ចំនួន០៧ម៉ោងទើបរកឃើញសាកសពយុវជនរងគ្រោះដេកស្លាប់នៅក្នុងបាតទឹកដែលមានជម្រៅប្រមាណជា០៣ម៉ែត្រនិងមានគម្លាតពីមាត់ច្រាំងប្រមាណជា៥០ម៉ែត្រ។

       បងប្រុសបង្កើតរបស់សពយុវជនរងគ្រោះដែលលង់ទឹកស្លាប់បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ វ៉ា សុផាន អាយុ២១ ឆ្នាំមានស្រុកកំណើត ភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្នក្នុងក្រុម០៧ ភូមិ០១សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ មុខរបរជាកម្មករនៅក្នុងសិប្បកម្មមួយកន្លែង។ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា នៅរសៀលថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះដែលជាថ្ងៃឈប់សម្រាកយុវជនរងគ្រោះបានបបួលមិត្តភក្តិដែលស្នាក់នៅបន្ទប់ជិតគ្នាចំនួន០៨នាក់ក្នុងនោះមានក្មេងតូចៗចំនួន០៤នាក់មកមុជទឹកក្នុងអាងស្តុកទឹកខាងលើដើម្បីរាវរកលៀស។ ពេលមកដល់អាងស្តុកទឹកយុវជនរងគ្រោះដោះអាវចេញពីខ្លួននៅសល់ខោជើងវែងរត់ចុះទៅក្នុងទឹកហែលសំដៅទៅរកដើមឈើដែលងប់នៅក្នុងទឹក ពេលទៅដល់ជិតដើមឈើស្រប់តែឃើញយុវជនរងគ្រោះហែលផ្ងារធ្វើមាត់ម្ហបៗហើយក៏លិចបាត់លែងឃើញរហូត បណ្តាលឲ្យមិត្តភក្តិដែលទៅជាមួយភ្ញាក់ផ្អើលឆោឡោឡើងទាំងអ្នកជិតខាងដែលនៅក្បែរកន្លែងកើតហេតុនាំគ្នារាវរុករកយ៉ាណាក៏មិនឃើញរហូតដល់ថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២១បានក្រុមយុវជនស្ម័គ្រចិត្តការិយាល័យខាងលើមកជួយអន្តរាគមន៍ក្នុងការមុជទឹករាវរុករកទើបឃើញសាកសពជនរងគ្រោះនៅវេលាម៉ោង០៣ និង៧នាទីរសៀលថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២១និងបានប្រគល់សាកសពជូនសាច់ញាតិដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ស្របពេលវេលាខាងលើនេះលោក ប៉ែន ជឿន នាយករងការិយាល័យអ៊ូនាវានិងពោងសញ្ញាកំពង់ផែស្វយ័តខេត្តព្រះសីហនុតំណាងឲ្យលោក មាន គឹង នាយកសំណង់និងវិស្វកម្មនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានជួយឧបត្ថម្ភថវិកាចំនួន១០០ដុល្លារដល់សាច់ញាតិនៃសពដើម្បីជាការចូលរួមចំណែកក្នុងការសម្រាលបន្ទុកការខ្វះខាតដល់គ្រួសារសពផងដែរ។

      អាជ្ញាធរមូលដានបានរំលឹកឲ្យដឹងផងដែរថាកន្លងមកនេះ មានករណីអ្នកលង់ទឹកស្លាប់ជាបន្តបន្ទាប់ខណៈដែលជនរងគ្រោះមិនបានដឹងពីភូមិសាស្ត្រក្នុងអាងស្តុកទឹកខាងលើ ដោយសារកន្លែងខ្លះទឹករ៉ាក់ និងកន្លែងខ្លះទៀតក្បែរៗគ្នាបែរជាជ្រៅទៅវិញដោយសារស្ថានភាពបាតអាងមិនស្មើរជាកន្លែងកាយដីយកមកធ្វើជាទំនប់អាងស្តុកទឹកស្អាតទើបបណ្តាលឲ្យមានករណីកើតឡើងជាបន្តបន្ទាប់ ដូចនេះបើមិនមានករណីចាំបាច់ទេគួរតែនាំគ្នាបញ្ឈប់មកចុះរាវរកលៀសនៅតំបន់នេះទៅព្រោះបញ្ហាប្រឈមនិងគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតដូចករណីខាងលើនេះជាដើម៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖