ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ មានជនអនាមិកមួយចំនួនបានបង្កើតផេក Facebook ឈ្មោះថា “Cambodia Weather Service” ដោយបានបង្ហោះព័ត៌មានមួយចំនួន ស្តីពីស្ថានភាពអាកាសធាតុដែលមិនត្រឹមត្រូវនាំឲ្យមានការយល់ច្រឡំពីបងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ,សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ៖ ក្នុងរយៈពេលកន្លងមកនេះ មានជនអនាមិកមួយចំនួនបានបង្កើតផេក Facebook ឈ្មោះថា “Cambodia Weather Service” ដោយបានបង្ហោះព័ត៌មានមួយចំនួន ស្តីពីស្ថានភាពអាកាសធាតុដែលមិនត្រឹមត្រូវនាំឲ្យមានការយល់ច្រឡំពីបងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅ ។

សម្រាប់ស្ថានភាពអាកាសធាតុទូទៅ ក៏ដូចជាស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាស្ថាប័នរដ្ឋតែមួយគត់របស់រាជរដ្ឋាភិបាល តែងតែចេញផ្សាយតាម សេចក្តីជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មាន និងបង្ហោះតាមផេកផ្លូវការរបស់ក្រសួងដែលមានឈ្មោះថា “ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology” ដូច្នេះរាល់ផេកទាំងឡាយ ឬគណនីយហ្វេសបុកណាមួយដែលបានបង្ហោះ និងធ្វើការផ្សព្វផ្សាយពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា មិនមែនជាការពិតនោះឡើយ សូមសាធារណជនកុំមានការភ័ន្តច្រឡំ ។
តាមរយៈការផ្សព្វផ្សាយព័ត៌មានអាកាសធាតុ ដែលមិនមែនជាស្ថាប័នទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម សូមច្រានចោលទាំងស្រុង និងមិនទទួលខុសត្រូវនោះឡើយ និងចាត់ទុកថា ជាចេតនាមួយរបស់ជនអនាមិកទាំងនោះ នាំឲ្យមានការយល់ខុស និងបង្កជាចលាចល លើស្ថានភាពអាកាសធាតុជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលនៅតែបន្តការបង្ហោះផ្សព្វផ្សាយព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុមិនពិតនេះ ក្នុងបំណងទុច្ចរិតណាមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬដើម្បីបំភាន់មតិសាធារណជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖