សហគមន៍អឺរ៉ុប EU មានបំណងឲ្យក្រុមហ៊ុន AstraZeneca អនុវត្តទៅតាមកិច្ចព្រមព្រៀង ផ្តល់វ៉ាក់សាំងចំនួន១២០ លានដូស ឲ្យបានមុនបំណាច់ខែមិថុនា ខាងមុខ គឺយឺតជាងពេលវេលាកំណត់តាមកិច្ចព្រមព្រៀងដល់ទៅ៣ខែ។
ការប្រកាសខាងលើ ត្រូវបានមេធាវី អឺរ៉ុបលើកឡើងនៅក្នុងតុលាការនៅប្រទេសប៊ែលហ្សុិក ពាក់ព័ន្ធការប្តឹងលើកទីពីររបស់គណៈកម្មការអឺរ៉ុបទៅលើក្រុមហ៊ុន AstraZeneca ដែលយឺតយ៉ាងក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ។ តាមកិច្ចព្រមព្រៀង ក្រុមហ៊ុន AstraZeneca នឹងផ្តល់វ៉ាក់សាំងដល់អឺរ៉ុប ៣០០លានដូសនៅបំណាច់ខែមិថុនា ប៉ុន្តែមកទល់ពេលនេះទើបតែផ្តល់ជូនបាន៥០ លានដូសប៉ុណ្ណោះ ។ ក្រុមហ៊ុនក៏បានស្នើពន្យារពេលផ្តល់ជូនគ្រប់ចំនួននៅចុងខែកញ្ញាឆ្នាំ២០២១។ នៅពេលនេះក្រុមហ៊ុននឹងត្រូវបញ្ជូនវ៉ាក់សាំង ១២០លានដូសនៅបំណាច់ខែមិថុនា២០២១ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អុីរ៉ង់ ចាប់ផ្តើមផលិតវ៉ាក់សាំងជាទ្រង់ទ្រាយធំ ផលិតដោយប្រទេសអុីរ៉ង់ផ្ទាល់ មានឈ្មោះថា COV-Iran។ នៅថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសអ៉ីរ៉ង់បានប្រកាសផលិតវ៉ាក់សាំងបង្ការ COVID-19 ដែលខ្លួនខិតខំអភិវឌ្ឍ។
នៅក្នុងរយៈពេល ១០ថ្ងៃប៉ុណ្ណោះគិតចាប់ពីថ្ងៃទី១១នេះ អ៉ីរ៉ង់គ្រោងផលិតវ៉ាក់សាំង COV-Iran ឲ្យបាន ១លានដូស ហើយប្រមាណជា ១០លានដូសនឹងត្រូវផលិតឲ្យរួចរាល់ នៅត្រឹមខែមិថុនា ឆ្នាំ២០២១។
វ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ COV-Iran ខាងលើនេះ បានឆ្លងកាត់ការធ្វើតេស្តបីដំណាក់កាល ដោយដំណាក់កាលចុងក្រោយ ត្រូវបានចូលរួមដោយអ្នកស្ម័គ្រចិត្តសរុប ២០,០០០នាក់ នៅក្នុងទីក្រុងចំនួន៥ ក្នុងប្រទេសនេះ ក្នុងនោះមានរដ្ឋធានី តេអុីរ៉ង់។ គិតត្រឹមថ្ងៃអង្គារនេះ អ៉ីរ៉ង់មានករណីឆ្លង COVID-19 សរុប ២.៦៩លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៧៥,៥០០នាក់ និងជាសះស្បើយវិញ ២.១៤លាននាក់៕ដោយ៖ធីរីណា
រូបភាព៖ AFP/TTXVN