ព័ត៌មានទាន់ហេតុការណ៍៖

យុត្តិធម៌នៅតែមាន ! ទីបំផុតតុលាការសម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ, មជ្ឈដ្ឋានគាំទ្រតុលាការផ្តល់យុត្តិធម៌ដល់នាង !

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ទីបំផុត ! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ តាមរយៈ ការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ គឺមានមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង ដោយចាត់ទុកថាយុត្តិធម៌នៅតែមាន។

កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការសម្រេចឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត ដើម្បីជាការប្តឹងបកផងដែរ។

ដោយករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ ត្រូវបាន កញ្ញា មាន ពេជ្ររីតា រៀបរាប់ថា បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ។
១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់
២៖ ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ
៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ។
សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ។
កញ្ញា មាន ពេជ្ររីតា បានលើកឡើងក្នុងពាក្យបណ្តឹងថា, នាងខ្ញុំសូមទាញនូវចំណាប់អារម្មណ៍ លោកព្រះរាជអាជ្ញា នៅត្រង់នេះថា នាងខ្ញុំជាស្រ្តីទុន ខ្សោយ មូលហេតុអ្វីដែលនាងខ្ញុំហ៊ានលួយយកទូរស័ព្ទ និងបង្ករបួសស្នាមដល់ឧកញ៉ាម្នាក់នៅកណ្តាលទី ក្រុង នាងខ្ញុំជានីស្សិតឆ្នាំទី២ និងជាពិធីការនី និងតារាបង្ហាញម៉ូដ មានកិត្តិយស និងសេចក្តីថ្លៃថ្នូរ មាន សមត្ថភាពគ្រប់គ្រាន់ដើម្បីរកប្រាក់ មិនសមបើលួចប្លន់ទូរស័ព្ទមួយគ្រឿងតម្លៃមួយជាងពាន់ដុល្លានេះទេ។ ក្នុងនាមគាត់ជាឧកញ៉ាល្បីឈ្មោះម្នាក់ មិនគួរមានគំនិតស្មោគគ្រោកល្មោភតណ្ហា ហើយមួលបង្កាច់ ចោទ ប្រកាន់នាងខ្ញុំដែលជាជនរងគ្រោះទៅវិញ។
ពេលនេះនាងទទួលបានយុត្តិធម៌ហើយ នៅឡើយតែ ឧកញ៉ាហេង សៀ ដែលជាដើមបណ្ដឹងនោះ កំពុងរងបណ្ដឹងព្រហ្មទណ្ឌក្នុងបទចោទរំលោភសេពសន្ធវៈលើរថយន្ត ហើយអាចនឹងរកឃើញបន្ថែមទៀតក៏អាចថាបាន នូវការផ្ដល់សក្ខីកម្មក្លែងប្ដឹងកញ្ញា មាន ពេជ្ររីតា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖