ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនម្នាក់ត្រូវបានសមត្ថកិច្ចស្រុកលើកដែកធ្វើការឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់ថ្នាំញៀនលើសកម្រិត ទៅគំរាមកំហែងថានឹងសម្លាប់ពលរដ្ឋជិតខាង២នាក់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង៦និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ទី១.ឈ្មោះ អឿន កុសល ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន នៅភូមិស្ពានដែក ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល និងទី២.ឈ្មោះ យ៉ន ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ កន សារិត ហៅ(ពន្លៃ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ។ ដោយឡែកវត្ថុតាងដកហូតបានមាន កាំបិតផ្គាក់ដងឫស្សីផ្លែដែកមានប្រវែង៨៦ស.ម, ចម្ពាមកៅស៊ូ១និងគ្រាប់មួយចំនួន។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យខាងលើជាមនុស្សញៀនថ្នាំ រហូតមកដល់ថ្ងៃទី០៥ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ជនសង្ស័យបានកាន់កាំបិតផ្គាក់រករឿង ហើយគំរាមថានឹងសម្លាប់ជនរងគ្រោះទាំង២នាក់ជាច្រើនលើកច្រើនសា។ លុះមកដល់ថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ យ៉ុន ម៉ៅ បានចុះពីលើផ្ទះបម្រុងទៅធ្វើការ ស្រាប់តែជនសង្ស័យបានស្រែកឡូឡានិងទាញកាំបិតផ្គាក់គំរាមសម្លាប់ជនរងគ្រោះឈ្មោះយ៉ុន ម៉ៅ ទៀត តែជនរងគ្រោះពុំបានតបតអ្វីឡើយ។ លុះបន្តិចក្រោយមកជនរងគ្រោះឈ្មោះអឿន កុសល កំពុងអង្គុយលេងក្រោមផ្ទះ ស្រាប់តែជនសង្ស័យបានកាន់កាំបិតស្រែកឡូឡា និងគំរាមរកសម្លាប់ជនរងគ្រោះឈ្មោះ អឿន កុសលនិងបានកាន់កាំបិតដើរសំដៅទៅរកជនរងគ្រោះតែជនរងគ្រោះឃើញទាន់ក៏បានរត់ចេញពីក្រោមផ្ទះ។ បន្ទាប់មកជនរងគ្រោះទាំង២នាក់បានតេទូរស័ព្ទមកប្ដឹងសមត្ថកិច្ចដើម្បីធ្វើការឃាត់ខ្លួន ។
ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើ ភ្លាមៗនោះ ក៏ចុះទៅឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារចំនួន២លើក៖ លើកទី១កាលពីខែ៦ឆ្នាំ២០០៥ ពីបទឃាតកម្ម ជាប់រយៈពេល៧ឆ្នាំ១១ខែ និងលើកទី២កាលពីឆ្នាំ២០១៨ពីបទធ្វើឱ្យខូចខាតដោយចេតនា ជាប់រយៈពេល១ឆ្នាំ១ខែ៕
ដោយ៖ ស្អាងជ័យ