ភ្នំពេញ៖ សូមបងប្អូនក្នុងតំបន់ក្រហមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ គឺចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភានេះ ។ សកម្មភាពចាក់វ៉ាក់សាំងនេះបានធ្វើនៅខណ្ឌចំនួន ៦ ក្នុងរាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចំណែកបងប្អូនមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ក៏អាចមកចាក់បានព្រមគ្នាផងដែរ សូមរូសរាន់ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនិងជាប្រធានប្រតិបត្តិ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី១ បានបញ្ចប់ប្រមាណ ៨០ ទៅ ៩០ភាគរយហើយ ហើយការចាក់ដូសទី២នឹងចាប់ផ្តើម នៅថ្ងៃទី១៥ខែឧសភានេះដែរ។ទោះបីចាប់ផ្តើមចាក់ដូសទី២ តែការចាក់ដូសទី១ក៏បានធ្វើទន្ទឹមគ្នានេះសម្រាប់ប្រជាពលរដ្ឋ ដែលនៅសេសសល់មិនទាន់ចាក់នោះ។
តាមរបាយការណ៍ រយៈពេល១៤ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមដែលជាតំបន់ប្រឈម នឹងការរីករាលដាលជំងឺកូវីដ-១៩ក្នុងរាជធានីភ្នំពេញក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជាង ៦៥ម៉ឺននាក់ហើយ ឯការចាក់ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភានេះសកម្មភាពចាក់វ៉ាក់សាំងនេះបានធ្វើនៅខណ្ឌចំនួន ៦ខណ្ឌ ដែលខណ្ឌទាំង៦ រួមមាន៖ ខណ្ឌមានជ័យ ចាក់បាន ១៣៦.៥៥៧នាក់, ខណ្ឌដង្កោ ចាក់បាន ១៣០.៦៥៣នាក់ ,ខណ្ឌកំបូល ចាក់បាន ១០១.៨១៥នាក់ ,ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ២២៤.៧៨០នាក់, ខណ្ឌឫស្សីកែវ ចាក់បាន ៣៩.៤៧៥នាក់ និងខណ្ឌទួលគោកចំនួន ១៩.៦៧៣នាក់។
រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងខណ្ឌចំនួន៦ កាលពីថ្ងៃទី០១ ខែឧសភា ដោយមានចំនួនប្រជាពលរដ្ឋត្រូវចាក់សរុបប្រមាណ ៩០ម៉ឺននាក់។
នាយឧត្តមសេនីយ៍ឥត សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលដល់ថ្ងៃចាក់ដូសទី២សូមទៅចាក់វ៉ាក់សាំងតាមការរៀបចំរបស់អាជ្ញាធរ នៅតាមទីតាំងដែលខ្លួនបានចាក់ដូសទី១។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹកនិងអំពាវនាវ សូមប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងរក្សារបៀបរៀបរយ គោរពវិធានរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង និងរីករាលដាលជំងឺកូវីដ-១៩ ៕
ដោយ៖ សូរិយា