អន្តរជាតិ៖ បើយោងតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 ប្រទេសថៃ (CCSA) នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៩៤ករណី និងអ្នកស្លាប់ថ្មីៗចំនួន ២៩នាក់ទៀត។
ជាក់ស្ដែងបើយោងតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nationបានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣,៣៧៧ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន៖ ៨៧៦ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក, ១៥៣ករណីនៅខេត្តសាមុត ប្រាកាណ, ១៣០ករណីនៅខេត្តណុនថាបុរី, និង ១១៩ករណីនៅខេត្តផាធមថានី ខណៈករណីដែលនៅសេសសល់ ត្រូវបានរកឃើញនៅតាមបណ្ដាខេត្តផ្សេងៗទៀត។ ចំណែកឯ ២៩ករណីផ្សេងទៀត ជាករណីនាំចូលពីបរទេស។
បន្ថែមពីនេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លាប់ថ្មីៗខាងលើ មាន ១៤នាក់នៅទីក្រុងបាងកក, ០៥នាក់នៅខេត្តសាមុត ប្រាកាន, ០២នាក់នៅខេត្តផាធម ថានី, ម្នាក់នៅខេត្ត Chachoengsao, ម្នាក់នៅខេត្ត Lamphun, ម្នាក់នៅខេត្ត Chonburi, ម្នាក់នៅខេត្ត Saraburi, ម្នាក់នៅខេត្ត Nakhon Pathom, ម្នាក់នៅខេត្ត Kamphaeng Phet, ម្នាក់នៅខេត្ត Nong Khai និងម្នាក់ទៀតនៅខេត្ត Nonthaburi។ ពួកគេមានអាយុចន្លោះពី ៤២-៩២ឆ្នាំ ហើយពួកគេត្រូវបានគេរាយការណ៍ថា សុទ្ធតែជាអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់ជាដើម។
បេីគិតត្រឹមថ្ងៃពុធទី១៩ ឧសភានេះ ប្រទេសថៃ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១១៦,៩៤៩ករណី ក្នុងនោះមានអ្នកស្លាប់ ៦៧៨នាក់ និងអ្នកជាសះស្បើយ ៧៤,៣៦៨នាក់។
គួរជម្រាបថា សម្រាប់ដូសដំបូងនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប្រជាជនថៃ សរុបចំនួន ៦៤,៧៣៩នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ ខណៈចំនួនមនុស្ស៣៩,៩១១នាក់ទៀត បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុប ដែលត្រូវបានចាក់នៅទូទាំងប្រទេសថៃ កើនឡើងដល់ ២,៤៤៥,៦៤៥ដូស៕
ដោយ៖ស តារា