ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការ កងកម្លាំងចម្រុះ អាជ្ញាធរក្រុង សមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យរៀបចំគោលដៅទីតាំងបិទខ្ទប់ជុំវិញផ្សារត្រី ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយមានសេចក្តីសម្រេចបិទខ្ទប់របស់រដ្ឋបាលខេត្ត និងបន្ទាប់ពីក្រុមការងារបានរកឃើញអ្នកវិជ្ជមាន ឆ្លងមេរោគកូវីដ-១៩ មានចំនួនច្រើនគួរឱ្យកត់សម្គាល់នៅក្នុងទីតាំងនេះ។
ការបិទខ្ទប់ការចេញចូលក្នុងផ្សារត្រីទាំងមូល នឹងត្រូវអនុវត្តគិតចាប់ពីម៉ោងសូន្យឆ្លងចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះតទៅ រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់កាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់តំបន់ផ្សេងទៀត។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា កងកម្លាំងទិសទី១ យោធភូមិភាគទី៥ នឹងប្រើប្រាស់កម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងចម្រុះ ធានាបិទខ្ទប់នៅទីតាំងដែលបានកំណត់ ឆ្លើយតបតាមសំណូមពររបស់គណៈបញ្ជាការឯកភាពខេត្ត។ ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ យោធភូមិភាគទី៥ បានត្រៀមខ្លួនជាស្រេច កងកម្លាំង ក្រុមគ្រូពេទ្យជួយយកសំណាក និងព្យាបាល រួមគ្នាតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការរងនាយសេនាធិការ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល ជាពិសេសរួមគ្នាអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង គ្រួសារយេីង សង្គមជាតិយេីង និងប្រជាជនយេីង៕
ដោយ៖ សូរិយា