ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពមីយ៉ាន់ម៉ា និយាយថា លោកស្រីស៊ូជី មានសុខភាពល្អធម្មតា

ចែករំលែក៖

ប្រមុខដឹកនាំយោធា ដែលកំពុងដឹកនាំប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing បានឲ្យដឹងថាលោកស្រី អោងសានស៊ូជីមានសុខភាពល្អធម្មតា ហើយនឹងឡើងតុលាការក្នុងពេលខាងមុខ។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងបទសម្ភាសន៍លើកដំបូង ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ មេទ័ព Min Aung Hlaing បាននិយាយពីស្ថានភាពសុខភាពរបស់លោកស្រី អោងសានស៊ូជី ដែលពេលនេះកំពុងជាប់ឃុំនៅឡើយទេ។
លោក Min Aung Hlaing បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Phoenix មានទីតាំងនៅហុងកុង នាថ្ងៃទី២២ខែឧសភាថា«លោកស្រីអោងសានស៊ូជីមានសុខភាពល្អ ហើយនឹងត្រូវឡើងតុលាការក្នុងពេលខាងមុខ»។ នៅពេលដែលក្រុមអ្នកសារព័ត៌មាន សួរពីសមត្ថភាពដឹកនាំរបស់លោកស្រី ស៊ូជីចាប់តាំងពីឡើងកាន់តំណែងជាទីប្រឹក្សាជាតិ រហូតដល់ពេលត្រូវយោធាចាប់ខ្លួន។ លោក Min Aung Hlaing បានឆ្លើយយ៉ាងខ្លីថា«គាត់បានព្យាយាមធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន»។
តុលាការនឹងបើកសវនាការ កាត់ទោសលោកស្រីស៊ូជី នៅទីក្រុង Nay Pyi Daw នាថ្ងៃទី២៤ ខែឧសភា ក្រោយការពន្យារពេលជាច្រើនលើក ។ តាមព័ត៌មានពីក្រុមមេធាវីនេះជាលើកដំបូងដែលលោកស្រីស៊ូជី បង្ហាញខ្លួននៅក្នុងតុលាការចាប់តាំងពីពេលចាប់ខ្លួន។
ការកាត់ទោសនាពេលកន្លងមកគឺធ្វើឡើងតាម អនឡាញ ។ លោកស្រីស៊ូជី រងការចោទប្រកាន់ពីបទល្មើស៦ផ្សេងគ្នា ក្នុងនោះមាន អំពើពុករលួយ បំពានច្បាប់ប្រឆាំងកូវីដ-១៩ …ហើយទោសធ្ងន់បំផុតគឺបំពានច្បាប់ការពារអាថ៌កំបាំងជាតិ៕

ដោយ៖ ធីរីណា(រូបភាព៖AP)


ចែករំលែក៖