ព័ត៌មានទាន់ហេតុការណ៍៖

យោធាម៉ាលីប្រកាសសមាសភាពរដ្ឋាភិបាលថ្មីក្រោយការចាប់ខ្លួនប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី

ចែករំលែក៖

រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសម៉ាលី នៅថ្ងៃទី២៤ខែឧសភាបានសម្រេចតែងតាំងរដ្ឋមន្ត្រីថ្មី ក្នុងនោះមានមន្ត្រីយោធាកាន់តំណែងសំខាន់ៗក្នុងរដ្ឋាភិបាលថ្មី បើទោះបីរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិស្តីពីតួនាទីរបស់យោធានៅក្នុងប្រទេសនេះក៏ដោយ។
បណ្តាញទូរទស្សន៍ជាតិម៉ាលីបានឱ្យដឹងថា រដ្ឋាភិបាលថ្មីរបស់ម៉ាលី មានសមាជិក២៥នាក់ ក្នុងនោះមានមន្ត្រីយោធាកាន់តំណែងរដ្ឋមន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីសន្តិសុខជាតិ ។
ក្រោយរយៈពេលប៉ុន្មានម៉ោង ដែលម៉ាលីប្រកាសរដ្ឋាភិបាលថ្មី យោធាក៏បានចាប់ខ្លួនប្រធានាធិបតី Bah Ndaw និងនាយករដ្ឋមន្ត្រី Moctar Quane និងរដ្ឋមន្ត្រីការពារជាតិ Souleymane Doucoure ផងដែរ។ តាមប្រភពព័ត៌មាន មន្ត្រីជាន់ខ្ពស់ទាំង៣រូបត្រូវបានបញ្ជូនទៅកាន់ទីតាំងយោធា Kati ក្នុងរដ្ឋធានី Bamako ។
ប្រភពព័ត៌មានបានឱ្យដឹងថា សកម្មភាពចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ទាំង៣រូបគឺជាការបង្ហាញពីការខកចិត្តរបស់កម្លាំងយោធា ដោយសារតែបុគ្គលសំខាន់ៗពីររូប ក្នុងថ្នាក់ដឹកនាំយោធាដើរតួនាទីយ៉ាងសំខាន់ៗ នៅក្នុងការធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០២០ មិនមានឈ្មោះនៅក្នុងជួររដ្ឋាភិបាលថ្មី។ សកម្មភាពខាងលើអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប និងសហគមន៍ទ្វីបអាហ្វ្រិក បានថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ខ្លួន មន្ត្រីជាន់ខ្ពស់ទាំង៣រូប៕ដោយ៖ ធីរីណា

រូបភាព៖ Getty Images


ចែករំលែក៖