ខេត្តបាត់ដំបង៖ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបង្ហាញឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១នេះមានអ្នកជំងឺកូវីដ-១៩ ម្នាក់បានស្លាប់ ខណ:ក្រុមគ្រូពេទ្យជួរមុខបានប្រឹងប្រែងយ៉ាងពេញទំហឹងអស់ពីសមត្ថភាពក្នុងការសង្គ្រោះ តែដោយសារអ្នកជំងឺមានវ័យចាស់ទ្រុឌទ្រោមសុខភាពខ្សោយ មានជំងឺលើសឈាម និងមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃប្រចាំកាយជាប់នឹងខ្លួនស្រាប់ផងក៏បាត់បង់ជីវិតទៅ។
ជនរងគ្រោះស្លាប់ដោយជំងឺកូវីដ-១៩នេះមានឈ្មោះស៊ិន សាវឿន ភេទស្រី អាយុ ៧០ឆ្នាំ រស់នៅក្នុងភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានប្រវត្តិឆ្លងជំងឺកូវីដ-១៩មកពីកូនរបស់គាត់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភ:។
ប្រភពខាងលើបន្តថា ស្ត្រីជនរងគ្រោះបានធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ហើយបានទទួលមរណភាពនៅវេលាម៉ោង ១២និង១០នាទី រសៀល ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១។
នេះជាករណីទី ២ហើយដែលមានអ្នកជំងឺបានស្លាប់ដោយសារកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយករណីទី ១ ជនរងគ្រោះមានឈ្មោះ THAPA RAMBAHADUR ភេទប្រុស អាយុ ៦៧ឆ្នាំ ជាជនជាតិនេប៉ាល់ រស់នៅក្នុងភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងករណីទី ២ ជនរងគ្រោះមានឈ្មោះស៊ិន សាវឿន អាយុ ៧០ឆ្នាំ រស់នៅក្នុងភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕
ដោយ ៖ ស សារ៉េត