ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីសែល (Covishield) សម្រាប់ដូសទី២ ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ. វ.ក-១៩) សូមគោរព ជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា កន្លងមក គ.វ.ក-១៩ ធ្លាប់បានចេញសេចក្តីជូនដំណឹងលេខ ១២៤/២១ គ.វ.ក-១៩ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្ដីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែលដូសទី២ ដូចមានក្នុងឧបសម្ព័ន២ នៃកាលបរិច្ឆេទចាក់វ៉ាក់សាំងកូវីសែល (Covishield) ដូសទី២។
គ.វ .ក-១៩ សូមគោរពជម្រាបជូនសាធារណជនជ្រាបថា ដើម្បីឱ្យសរីរាង្គយើងអាចបង្កើតបាននូវភាពស៊ាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីសែលចំនួនពីរលើកជាចាំបាច់ ក្នុងអំឡុងពេល៨ ទៅ១២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីសែលដូសទី១។
អាស្រ័យដូចបានជម្រាបជូនខាងលើ គ.វ .ក-១៩ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង កូវីសែលដូសទី១រួចទាំងអស់ ហើយមិនទាន់បានមកចាក់វ៉ាក់សាំងកូវីសែលដូសទី២ សូមរួសរាន់អញ្ជើញទៅចាក់ វ៉ាក់សាំងកូវីសែលដូសទី២ឱ្យបានគ្រប់គ្នា នៅតាមទីតាំងដែលបានចាក់វ៉ាក់សាំងនេះដូសទី១កន្លងមក តាមពេល វេលាដែលបានកំណត់ក្នុងឧបសម្ព័ន្ធ២ នៃសេចក្តីជូនដំណឹងលេខ ១២៤/២១ គ.វ.ក-១៩ ឱ្យបានជាកំហិតនៅត្រឹម ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ (សូមជូនភ្ជាប់មកជាមួយនូវឧបសម្ព័ន្ធ២ នៃសេចក្តីជូនដំណឹងលេខ ១២៤/២១ គ.វ.ក-១៩ ឡើងវិញ)។
ជាមួយគ្នានេះ គ. វ.ក-១៩ សូមក្រើនរំលឹកផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងកូវីដ-១៩ រួច ហើយក្តី ក៏ត្រូវតែបន្តអនុវត្តវិធានការការពារដែលបានដាក់ចេញឱ្យអនុវត្តតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក៏ដូចជា នៅក្នុងប្រទេសកម្ពុជា។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូរសៃលដូសទី២ សូមទំនាក់ ទំនងតាមលេខទូរស័ព្ទខាងក្រោមនេះ៕
ដោយ៖ សុខ ខេមរា