ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកស្វាយជ្រំដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីប្រជុំជនជុំវិញផ្សារដូនស បន្ទាប់ពីមានករណីផ្ទុះឆ្លងជំងឺកូវីដ-១៩(មានវីដេអូ)

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបានដឹកនាំក្រុមការងារធ្វើសកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីប្រជុំជនជុំវិញផ្សារដូនសបន្ទាប់ពីមានករណីផ្ទុះឆ្លងជំងឺកូវីដ-១៩នាពេលប៉ុន្មានថ្ងៃមកនេះ។

ការចុះបាញ់ថ្នាំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់លោក ប៉ុល សារិត អភិបាលរងស្រុកនិងក្រុមការងារដែលពាក់ព័ន្ធជាច្រើននាក់ស្ថិតនៅក្នុងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ប៉ុល សារិត អភិបាលរងស្រុកស្វាយជ្រំបានឱ្យដឹងថាអនុវត្តតាមការណែនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានចាត់ឱ្យក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីប្រជុំជនជុំវិញផ្សារដូនសខណ:បន្ទាប់ពីមានករណីផ្ទុះវិជ្ជមានជំងឺកូវីដ-១៩ ដោយសរុបរហូត មកដល់ថ្ងៃនេះ គឺមានចំនួន១៤នាក់ហើយដែរ។

លោកបន្តថាដូចនេះហើយសូមបងប្អូនដែលរស់នៅក៏ដូចជាអ្នកប្រកបមុខរបរលក់ដូរនិងបើកអាជីវកម្មផ្សេងៗនៅជុំវិញផ្សារដូនស មេត្តាអត់ធ្មត់បន្តិចសិនអ្វីៗនិងប្រសេីរនៅពេលឆាប់ៗខាងមុខនេះដោយ ក្រុមការងារនិងអាជ្ញាធរកំពុងមមាញឹកក្នុងការស្រាវជ្រាវនិងរុករកអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ក្នុងផ្សារដូនសដេីម្បីផ្ដាច់ឬសគល់នៃប្រភពចម្លង បច្ចុប្បន្ននេះប្រភពចម្លងបានរួមតូចអាច និងឈានទៅបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។

លោកក៏បានអំពាវនាវដល់លោកតាលោកយាយពុកម៉ែបងប្អូន ចូលរួមសហការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩និងត្រូវអនុវត្ត ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលទេីបស្ថានភាពនិង ឈានទៅរកភាពប្រក្រតីឡេីងវិញផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖