ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ម្សិលមុិញ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធសន្និសីទវីដេអូ។
ក្នុងជំនួបនោះដែរ លោកស្រីឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មី លោកជំទាវ ចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ លោកស្រីសង្ឃឹមថានៅពេល ខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាងកម្ពុជា និងសិង្ហបុរី លើវិស័យសំខាន់ៗនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនពីកិច្ចសហការល្អនិងការគាំទ្រគ្នានាពេលកន្លងមក។ លើសពីនេះ លោករដ្ឋមន្រ្តី បានបង្ហាញពីចក្ខុវិស័យរបស់ក្រសួងក្នុងការត្រៀមខ្លួនលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នាពេលខាងមុខ។
លោករដ្ឋមន្រ្តី និងលោកស្រីឯកអគ្គរដ្ឋទូតបានឯកភាពគ្នាបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការជាពិសេស លើការបណ្តុះបណ្តាលធនធានមនុស្ស និងមន្ត្រីរាជការ រវាងស្ថាប័នអប់រំរបស់សិង្ហបុរី និងបណ្ឌិត្យសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងជំរុញឱ្យមានការវិនិយោគ និងការចែករំលែកបទពិសោធន៍អំពីធុរកិច្ចថ្មីឌីជីថលនៅសិង្ហបុរី ជាមួយកម្ពុជាផងដែរ។
ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី បានជូនពរលោកស្រីឯកអគ្គរដ្ឋទូត ទទួលបាននូវជោគជ័យ ក្នុងការបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សិលា