កម្លាំងប៉ូលិសបានរកឃើញ កាំភ្លើង១២ដើម និងគ្រាប់២២ពាន់គ្រាប់ និងគ្រាប់បែកសាំងជាច្រើនគ្រាប់នៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារសម្លាប់មនុស្ស៩នាក់នៅទីក្រុង San Jose រដ្ឋកាលី
ហ្វ័រនីញ៉ា។
កម្លាំងប៉ូលិសបានឱ្យដឹងថា ក្រោយឆែកឆេរផ្ទះ របស់ឈ្មោះSamuel James Cassidy ក៏បានរកឃើញធុងផ្ទុកប្រេង និងគ្រាប់បែកសាំងជាច្រើន។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស ជនដៃដល់បានប្រើប្រាស់ឧបករណ៍កំណត់ពេលវេលាដើម្បីដុតកម្ទេចផ្ទះរបស់ខ្លួន ក្រោយការបាញ់ប្រហាររួច ។
កាំភ្លើងដែលជនដៃដល់ប្រើប្រាស់ក្នុងការបាញ់ប្រហារកាលពីថ្ងៃទី ២៦ខែឧសភា គឺជាកាំភ្លើងទិញស្របច្បាប់មានលិខិតត្រឹមត្រូវ។ ជនដៃដល់ Cassidy ត្រូវបានមិត្តរួមការងារក្នុងក្រុមហ៊ុនដឹកជញ្ជូននិយាយថាជាបុគ្គលពិបាកនៅក្នុងការចុះចូលជាមួយមិត្តរួមការងារផ្សេងទៀត ដោយសារតែមានគំនិតអាត្មានិយម។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនដៃដល់បានបាញ់ប្រហារទៅកាន់គោលដៅមួយចំនួនដែលបានកំណត់ទុក ដោយមិនបានបាញ់ពាសវាលពាសកាលនោះឡើយ។ ជនដៃដល់ Cassidy បានបាញ់រហូតដល់ទៅ៣៩គ្រាប់ ។ រូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញថា ជនដៃដល់ដើរពីអគារមួយទៅកាន់អគារមួយទៀតពេលបាញ់ប្រហារ។
ការបាញ់ប្រហារកាលពីថ្ងៃទី ២៦ខែឧសភា បណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ ដែលជាមិត្តរួមការងារទាំងអស់របស់ជនដៃដល់ដែលធ្វើការក្នុងក្រុមហ៊ុនដឹកជញ្ជូនដូចគ្នា៕
ដោយ៖ ធីរីណា(រូបភាព៖AP)