ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសដាក់ឱ្យដំណើរការច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម)នេះ ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់អោយដំណើរការច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម)នេះ ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត។

ឆ្លៀតក្នុងឱកាសនេះ លោក ជា សុមេធី សូមជំរាបថា ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។

ជាថ្មីម្តងទៀត លោក បានផ្ដាំផ្ញើរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុខភាព ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ជាពិសេស ត្រូវពាក់ម៉ាស់ជាប់ជានិច្ច លាងដៃអោយបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនអោយបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា៕

ប្រភព៖ អភិបាលខេត្ត

 


ចែករំលែក៖