ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងក្រោមឱវាទចុះរៀបចំ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង និងបាញ់ទឹកលាងសម្អាតតាមច្រាំងទន្លេ ,ផ្លូវថ្នល់ សួនច្បារសាធារណៈ ផងដែរ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតាមបណ្តោយសួនច្បារ និង ច្រាំងទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ហើយបានអនុវត្តការងារ ដើម្បីពង្រឹងលើកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យសាធារណៈ តាមបណ្តោយច្រាំងទន្លេជាពិសេសតំបន់ខាងមុខព្រះបរមរាជវាំង ដែលជាតំបន់អភ័យភូមិ ។
សូមបញ្ជាក់ថា លោក អភិបាល បានចាត់ឱ្យកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ទូកទេសចរណ៍ ដោយមិនអនុញ្ញាតឱ្យចតតាមច្រាំងទន្លេ រួមទាំងការនេសាទផ្សេងៗ និង បានចាត់ឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវ ចុះត្រួតពិនិត្យជាប្រចាំតាមសួនច្បារច្រាំងទន្លេ ការលក់ដូរផ្សេងៗ រួមទាំងការចតយានយន្ត ដែលបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈផងដែរ៕
ដោយ ៖ រ៉ារ៉ា