ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ទ្វីបអាមេរិកឡាទីន ដែលគេហៅថា“Copa America” ឆ្នាំ២០២១ ត្រូវបានផ្អាកទុកចោលដោយគ្មានម្ចាស់ផ្ទះតិចជាង២សប្តាហ៍មុនពេលចាប់ផ្តើម បន្ទាប់ពីប្រទេសអាហ្សង់ទីនត្រូវបានដកចេញពីការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។
សារព័ត៌មាន BBC Sport បានផ្សាយថា ដើមឡើយអាហ្សង់ទីនត្រូវបានគេកំណត់ឲ្យធ្វើជាសហម្ចាស់ផ្ទះជាមួយកូឡុំប៊ីដែលត្រូវបានដកចេញនៅថ្ងៃទី២០ ខែឧសភាបន្ទាប់ពីមានការតវ៉ានៅក្នុងប្រទេស។
សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (Conmebol) បានឲ្យដឹងថាអាហ្សង់ទីនត្រូវបានដកចេញដោយសារតែស្ថានភាពបច្ចុប្បន្នមិនមានភាពនឹងនរ ព្រោះមានការតវ៉ាក្នុងប្រទេសជាមួយនឹងស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ផងដែរ។ បច្ចុប្បន្ននេះប្រទេសនេះកំពុងតែមានការកើនឡើងនូវករណី Covid-19 កាន់តែច្រើនឡើងគួរឲ្យបារម្ភ។
ការតវ៉ាប្រឆាំងនឹងការប្រកួតបានកើនឡើងទាំងនៅក្នុង និងក្រៅរដ្ឋាភិបាលរបស់អាហ្សង់ទីន ខណៈដែលខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា អាទិភាពត្រូវផ្តល់ឱ្យដើម្បីសុខភាពមនុស្ស ។
សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូងបានឲ្យដឹងថា “បច្ចុប្បន្ននេះវាត្រូវបានវិភាគការផ្តល់ជូននៃបណ្តាប្រទេសផ្សេងទៀត ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះ Copa America ដែលមាន១០ក្រុមដែលគ្រោងនឹងដំណើរការពីថ្ងៃទី១៣ ខែមិថុនាដល់ថ្ងៃទី១០ ខែកក្កដា។
ជាមួយគ្នានេះសហព័ន្ធនឹងជួបគ្នានៅថ្ងៃអង្គារនេះដើម្បីសម្រេចចិត្តលើជំហានបន្ទាប់សម្រាប់ការប្រកួតដែលមិនបានកើតឡើងតាំងពីឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាតកូវីដ–១៩។
សម្រាប់ពានរង្វាន់ទ្វីបអាមេរិកខាងត្បូងនេះកាលពីឆ្នាំ២០១៩ គឺប្រទេសប្រេស៊ីលជាអ្នកកំពុងការពារតំណែងជើងឯក Copa America៕ ដោយ ៖ ភារៈ