ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានមីយ៉ាន់ម៉ា វាយប្រហារតាមដានអាកាសទៅលើទីតាំងទាហានក្រុមប្រឆាំង

ចែករំលែក៖

កម្លាំងទាហានមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមដែនអាកាសនិងដែនគោកទៅលើទីតាំងកម្លាំងទាហានប្រឆាំងនឹងរដ្ឋប្រហារ បណ្តាលឲ្យពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១ខែមិថុនា បានផ្សាយថា ការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនឹងទាហានក្រុមប្រឆាំងកើតឡើងនៅថ្ងៃទី ៣១ខែឧសភា ស្ថិតនៅក្នុងរដ្ឋ Kayah ជាប់ព្រំដែនប្រទេសថៃ ។ កម្លាំងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបាញ់កាំភ្លើងធំចេញពីស្រុក Loikaw ទៅលើស្រុក Demoso ដែលជាទីតាំងកម្លាំងទាហានប្រឆាំងរដ្ឋាភិបាលឈរជើង។
កម្លាំងទាហានប្រឆាំងបង្កើតឡើងដោយ«រដ្ឋាភិបាលឯកភាពជាតិ NUG» ដែលមានតំណាងរាស្ត្រមីយ៉ាន់ម៉ា ត្រូវយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ ។ គោលដៅរបស់ក្រុម NUG គឺរារាំងកម្លាំងប៉ូលិស និងទាហានប្រើហិង្សាទៅលើក្រុមបាតុករស្លូតត្រង់។
នៅលើបណ្តាញសង្គម Facebook កម្លាំងទាហានប្រជាជនមីយ៉ាន់ម៉ា បង្កើតឡើងដោយរដ្ឋាភិបាលស្រមោលប្រកាសថា បានប៉ះទង្គិចគ្នាជាមួយកម្លាំង ទាហានរដ្ឋាភិបាលយោធា ក្រោយរងការវាយប្រហារតាមដែនអាកាសនៅយប់ថ្ងៃទី ៣១ខែឧសភា៕

ដោយ ៖ ធីរីណា


ចែករំលែក៖