ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី២ខែមិថុនា២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម៖
១- ស្រុកព្រះស្ដេច ចំនួន៣០នាក់
២- ស្រុកបាភ្នំ ចំនួន៦នាក់
៣- ស្រុកពាមជរ ចំនួន១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន៤នាក់
៥- ស្រុកមេសាង ចំនួន១នាក់
៦- ស្រុកស៊ីធរកណ្តាល ចំនួន១នាក់
៧-មកពី ខេត្តកណ្តាល ចំនួន២នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ជា សុមេធីអភិបាលនៃគណៈអភិបាលខេត្តក្រុងវែងនៅវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥២០នាក់ បាន ព្យាបាល ជាសះស្បើយ ២១៥នាក់ កំពុងសំរាកព្យាបាល ៣០០នាក់ និងស្លាប់ ៥នាក់។
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងកាត់ផ្ដាច់ការចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុករៀង រាល់ម៉ោងធ្វើការ រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ចំពោះអ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២(ពីរ)ដងក្នុង មួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់ដោយឡែកតែឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពឲ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើម… ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរពេទ្យបង្អែកតាមក្រុង ស្រុក ឬ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង តាមរយៈលេខខទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១ (ឯកឧត្តម វេជ្ជ. សេង បញ្ញាឬទ្ធិ)។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សុខ ខេមរា