ព័ត៌មានទាន់ហេតុការណ៍៖

បារាំងប្រកាសគម្រោងបើកព្រំដែន ជាមួយផែនទីកំណត់តាមពណ៌

ចែករំលែក៖

បារាំងបានសម្រេចបើកទ្វារព្រំដែនទាំងស្រុងជាមួយបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប ចាប់ពីថ្ងៃទី ៩ខែមិថុនា ខាងមុខ។

ប៉ុន្តែអ្នកដំណើរមកពីប្រទេសដែលបារាំងបានកំណត់ពណ៌ ដូចជាពណ៌ទឹកក្រូច គឺពេលចូលក្នុងប្រទេសបារាំងត្រូវតែផ្តល់លិខិតបញ្ជាក់ធ្វើតេស្តកូវីដ-១៩ អវិជ្ជមាន។
អ្នកដំណើរមកពីប្រទេសអង់គ្លេស អាមេរិក (ស្ថិតក្នុងក្រុមពណ៌ទឹកក្រូច) ពេលចូលបារាំងគឺត្រូវផ្តល់លិខិតបញ្ជាក់ពីការធ្វើតេស្តកូវីដ-១៩ អវិជ្ជមាន ។ គម្រោងខាងលើចាប់ផ្តើមអនុវត្តនៅថ្ងៃទី ៩ខែមិថុនា ឆ្នាំ២០២១ ហើយពលរដ្ឋអឺរ៉ុបមិនចាំបាច់មានមូលហេតុផ្តល់ហេតុផង ឬការបញ្ជាក់អ្វីឡើយ ឲ្យតែបានចាក់វ៉ាក់សាំងរួមរាល់។ ដោយឡែកអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងគឺត្រូវតែផ្តល់លិខិតបញ្ជាក់ពីការធ្វើតេស្តអវិជ្ជមានទើបអាចចូលបារាំងបាន។
ជាមួយគ្នានេះដែរ បារាំងក៏បានអនុញ្ញាតឲ្យប្រទេសចំនួន៧ ស្ថិតនៅក្នុងក្រុមប្រទេស ពណ៌បៃតង ដែលមាន អូស្ត្រាលី កូរ៉េខាងត្បូង អ៊ីស្រាអែល ជប៉ុន លីបង់ នូវែលសេឡង់ និងសិង្ហបុរី អាចចូលក្នុងប្រទេសបារាំងបានដោយគ្រាន់តែបានចាក់វ៉ាក់សាំងរួចរាល់។
តាមគម្រោងចាប់ពីថ្ងៃទី ១ខែកក្កដា បារាំង ក៏នឹងត្រួតពិនិត្យ ស្តីពីតួលេខឆ្លងកូវីដ១៩ ហើយអនុញ្ញាតឲ្យពលរដ្ឋក្នុងសហគមន៍អឺរ៉ុបអាចធ្វើដំណើរចុះឡើងជាធម្មតាឡើងវិញ។
ដោយឡែកប្រទេស ពណ៌ទឹកក្រូចដូចជា អង់គ្លេស តំបន់អាមេរិកខាងជើង តំបន់អាស៊ី និងទ្វីបអាហ្វ្រិក ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ក៏នៅតែផ្តល់លិខិតបញ្ជាក់ពីការធ្វើតេស្តអវិជ្ជមានទើបចូលអឺរ៉ុបបាន។ ចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំង មកពី ក្រុមពណ៌ទឹកក្រូចគឺត្រូវធ្វើចត្តាឡីស័ក៧ ថ្ងៃ ហើយត្រូវពិនិត្យសុខាភិបាល ។
ជាមួយគ្នានេះដែរ ពលរដ្ឋមកពី១៦ប្រទេស ក្នុងនោះមាន ឥណ្ឌា តួកគី អាហ្វ្រិកខាងត្បូងនិងប្រទេសជាច្រើននៅអាមេរិកខាងត្បូង គឺត្រូវតែមានវិធានការតឹងតែងពេលចូលអឺរ៉ុប ដោយសារតែប្រើប្រាស់វ៉ាក់សាំងខុសពីវ៉ាក់សាំងអឺរ៉ុបទទួលស្គាល់មាន៤ប្រភេទ៕ដោយ៖ ធីរីណា

រូបភាព៖AFP/TTXVN


ចែករំលែក៖