ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមរយៈពេលតែ​មួយថ្ងៃ​! ម៉ាឡេស៊ី​ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ជាង ៦ពាន់ករណី

ចែករំលែក៖

អន្តរជាតិ​៖ បេីយោង​តាមរាយការណ៍របស់ប្រទេសម៉ាឡេស៊ី​ នៅថ្ងៃអាទិត្យទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ​ បានប្រកាសពីករណីរកឃេីញអ្នកឆ្លងកូវីដ-១៩ថ្មីៗ​ ចំនួន ៦,២៤១នាក់បន្ថែមទៀត ខណៈចំនួនអ្នកជំងឺដែលស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់បានបង្កើតកំណត់ត្រាថ្មីសម្រាប់ថ្ងៃទី១៣ ជាប់គ្នាមកហើយ។

បើយោងតាមសារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យនេះដែល​ បានដកស្រង់ចេញផ្សាយពី​របាយការណ៍​អាជ្ញារធរម៉ាឡេស៊ី​ បានគូសបញ្ជាក់ថា៖ ខេត្ត Selangor បានរ៉ាប់រ៉ងចំនួនច្រើនជាងគេក្នុងចំណោមករណីឆ្លងថ្មីខាងលើ បន្ទាប់មកទីក្រុងគូឡាឡាំពួរមាន ៤១៥ករណី, ខេត្ត Johor មាន៥៦៥ករណី, ខេត្ត Sarawak មាន៦០០ករណី និងខេត្ត Sabah មាន៣០៥ករណី។

ជាក់ស្ដែងបច្ចុប្បន្ន​ មានអ្នកជំងឺឈឺធ្ងន់កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ៨៩០នាក់ ក្នុងនោះមាន ៤៤៤នាក់ត្រូវការបំពាក់ម៉ាស៊ីនជំនួយដកដង្ហើម។

បន្ថែមពីនេះ​ អាជ្ញាធរ​ម៉ាឡេស៊ី​ ក្នុងថ្ងៃជាមួយគ្នានេះក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ៨៧នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់ ៣,៣៧៨នាក់។

ជុំវិញបញ្ហានេះដែរ​ លោក Noor Hisham Abdullah រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី​ កាលពីថ្ងៃសៅរ៍​ ក៏បានបញ្ជាក់ជាថ្មីថា ម៉ាឡេស៊ី​ អាចនឹងមើលឃើញករណីឆ្លងថ្មី ១៣,០០០ករណីក្នុងមួយថ្ងៃ នៅពាក់កណ្តាលខែមិថុនានេះ ប្រសិនបើវិធានការណ៍សុវត្ថិភាពមិនត្រូវបានគោរពឲ្យបានភ្ជាប់ខ្ជួនទេនោះ។

គួរបញ្ជាក់ថា អាជ្ញាធរ​ម៉ាឡេស៊ី​ បានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ៦១៦,៨១៥ករណី ដែលក្នុងនោះ ៨៦,៦២៨នាក់ជាករណីសកម្មកំពុងសម្រាកព្យាបាលនៅឡើយ​ គិតត្រឹមថ្ងៃអាទិត្យទី៦​ ខែមិថុនា​៕ដោយ​៖ស​ តារា​

រូបថត​៖Reuters


ចែករំលែក៖