ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ខ្នង ស្ថិតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី

ចែករំលែក៖

ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងសម្រេច ៖

ប្រការ ១..ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ ខ្នង ស្ថិតនៅភូមិកំពង់សំបូរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចសារជាថ្មី ។

ការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញ ឈ្មោះ សាន់ ហាន ភេទ ស្រី អាយុ ៧៩ឆ្នាំ មានអាសយដ្ឋានស្ថិតនៅភូមិកំពង់សំបូរ ឃុំសំរោងក្នុង ខេត្តបាត់ដំបង មានជំងឺកូវីដ-១៩ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ និងបានពាក់ព័ន្ធទីតាំងផ្ទះចំនួន ៣ ខ្នង នៅក្នុងភូមិ ឃុំខាងលើ ។

ប្រការ ២.…ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកឯកភ្នំ ត្រូវ៖ ហ៊ុំព័ទ្ធទីតាំងផ្ទះចំនួន ៣ ខ្នង នេះផ្អាកការចេញ-ចូលទីតាំងនេះ អ្នករស់នៅក្នុងផ្ទះចំនួន ៣ ខ្នងនេះ ដែលមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយ ត្រូវធ្វើ ចត្តាឡីស័ក និងយកសំណាក ។
– ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក ផ្តល់ដល់ក្រុមការងារមន្ត្រីសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ។

ប្រការ ៣..ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និង សុខាភិបាល របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដ៏ទៃទៀតឡើយ។

ប្រការ ៤..បទប្បញ្ញាត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៥..នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងខេត្ត អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ៖ សិលា


ចែករំលែក៖