ខេត្តពោធិ៍សាត់ ៖ មន្ត្រីផ្នែករដ្ឋបាលជលផលរាំងទិល រួមសហការជាមួយក្រុមប្រឹក្សាឃុំមេទឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលមេទឹក បរិស្ថាន និងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះបង្រ្កាបឧបករណ៍ចាប់ត្រីប្រភេទរួមផ្សំទំនើប របាំងសាច់អួន និងរបាំងស្បៃមុង ដោយកាប់កម្ទេច និងដុតបំផ្លាញចោលនូវឧបករណ៍នេសាទជាច្រើន ។
ករណីកម្លាំងបង្រ្កាបបទល្មើសជលផលខាងលើ ធ្វើឡើងនារសៀលថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចក្បាលជ្រោយរានអំបិល ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់បានឲ្យដឹងថាជា លទ្ធផល កម្លាំងអនុវត្តបាន២ករណី កម្ទេចរបាំងសាច់អួន និងរបាំងស្បែងចំនួន៥ខ្សែ ស្មើនឹងប្រវែងចំនួន៥៥០ម៉ែត្រ ក្បាលបរ និងលូកងស្បៃមុងចំនួន១០គ្រឿង បង្គោលចំរឹងចំនួន៤១០ដើម និងចាក់លែងត្រីចម្រុះចូលទឹកបឹងទន្លេសាបចំនួន១៤គីឡូក្រាមផងដែរ។ ចំពោះឧបករណ៍ចាប់ត្រីទំនើបខុសច្បាប់ ស្ដីពីរដ្ឋបាលជលផលដែលជាវត្ថុតាងទាំងនោះ កម្លាំងចម្រុះ បានកាប់បំផ្លាញ និងដុតកម្ទេចនៅនឹងកន្លែង ៕
ដោយ ៖ បុឹម ពិន