ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​! កម្ពុជា​ មានសត្វក្ងោក​ចន្លោះពី២ពាន់ ទៅ៣ពាន់ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរីនិងស្ទឹងត្រែង

ចែករំលែក៖

ភ្នំពេញ៖ បេីតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន​ បានថ្លែង​ឱ្យ​ដឹង​ថា​ សត្វក្ងោកបៃតង ដែលជាប្រភេទសត្វកម្រស្ថិតក្នុងគ្រោះថ្នាក់នៅភពផែនដីចំណាត់ថ្នាក់ ក្នុងបញ្ជីក្រហមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN ត្រូវបានរកឃើញថា មានចំនួនកើនឡើងនៅក្នុងដែន ជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរីរួមនឹងដែនជម្រកសត្វព្រៃផ្សេងទៀត នៅតំបន់ភាគខាងកើតទន្លេមេគង្គ ក៏ត្រូវបានកត់សង្គាល់ថាមានកំណើនវត្តមានសត្វក្ងោកនេះ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។

ជាក់ស្ដែង​បេីតាមការ​បញ្ជាក់ពី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះថា​ ប្រទេសកម្ពុជា មានវត្តមានសត្វក្ងោកចន្លោះពី ២,០០០ ទៅ ៣,០០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះមាននៅតំបន់ភូមិភាគខាងកើតទន្លេមេគង្គ ក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។

លោក នេត្រ ភក្ត្រា ថ្លែង​បន្ថែម​ទៀត​ថា និន្នាការនៃចំនួនសត្វក្ងោកបៃតងនៅលើពិភពលោកមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជាត្រូវបានរកឃើញថាមានចំនួនកើនឡើងនៃសត្វក្ថោក។ នេះគឺជាក្តីសង្ឃឹមមួយសម្រាប់ពិភពលោក ក្នុងការថែរក្សា និងអភិរក្សជីវៈចម្រុះ ដូចជាសត្វក្ងោក ដែលជាប្រភេទពូជបក្សីមានមាឌធំ មានសម្រស់ស្រស់ស្អាតនៅលើផែនដីនេះ។

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​រូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ «កម្ពុជាមានសត្វក្ងោកចន្លោះពី២,០០០ ទៅ ៣,០០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ តំបន់ភូមិភាគខាងកើតទន្លេមេគង្គ ក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។ ដែនជម្រកសត្វព្រៃកែវសីមា មានចំនួន ៩៦៦ក្បាល និងនៅដែនជម្រកសត្វព្រៃសៀមប៉ាង មានប្រមាណ ៥៧០ក្បាល ហើយដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី ឧទ្យាជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី ក៏ត្រូវបានសិក្សាឃើញមានវត្តមានសត្វក្ងោកផងដែរ។ ក្រៅពីនោះ សត្វក្ងោកមានវត្តមាននៅក្នុងតំបន់អភិរក្សជួរភ្នំក្រវ៉ាញ និងតំបន់មួយចំនួនទៀតដែលមួយតំបន់ៗអាចមានចន្លោះពី៥០ ទៅ១០០ក្បាល»។

ជុំវិញវត្តមានសត្វក្ងោកនេះដែរ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា សត្វក្ងោកមានរោមពណ៌ត្នោត ខៀវ បៃតង ប្រផេះ ជើងវែង កវែង ហើយមានប្រវែងដងខ្លួនគិតពីចំពុះដល់ចុងកន្ទុយប្រហែល ២ម៉ែត្រ។ ចំណីរអាហាររបស់ក្ងោកមានដូចជា ផ្លែឈើ ត្រួយរុក្ខជាតិ និងសត្វល្អិតផ្សេងៗ។ វាអាចមានអាយុចាប់ពី ២០ឆ្នាំ ទៅ២៥ឆ្នាំ និងទំងន់ចាប់ពី៤ ដល់ ៥គីឡូក្រាម។ សត្វក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ។ សត្វក្ងោកតែងរកស៊ីចំណីជាគ្រាប់ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយរុក្ខជាតិខ្ចីៗ ផ្លែឈើ និងសត្វល្អិតជាអាហារ។

បន្ថែមពីនេះ​លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា៖ «សត្វក្ងោកជាប្រភេទសត្វដែលត្រូវបានរងគ្រោះដោយការបរបាញ់ និងការដាក់អន្ទាក់ដើម្បីយកស្លាប និងសាច់របស់វា។ ដើម្បីថែរក្សាប្រភេទពូជសាត្វកម្រនេះឱ្យបានគង់វង្ស ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងកិច្ចការអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វ និងបន្តផ្សព្វផ្សាយនិងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ និងបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ប្រភេទសត្វកម្រទាំងនេះ។ ជនណាដែលនៅតែបំពាន នឹងត្រូវប្រឈមមុខនឹងច្បាប់»។

ជាមួយគ្នានេះ​ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស និងអង្គការដៃគូដែលបានរួមសហការគ្នាការការពារ និងអភិរក្សសត្វព្រៃ និងអរគុណដៃគូនានា ដែលបានទិញឥណទានកាបូនពីដែនជម្រកសត្វព្រៃកែវសីមា ដែលបានចូលរួមរការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា មានភាពកាន់តែល្អប្រសើរ។ ច្រើនជាង ៣ភាគ៤ នៃប្រភេទសត្វព្រៃត្រូវបានរកឃើញថាស្ថិតក្នុងស្ថានភាពថេរ ឬល្អប្រសើរ។ ទាំងនេះបង្ហាញឱ្យឃើញពីផលវិជ្ជមាននៃការអនុវត្តគម្រោងដែលរក្សាបាននូវភាពសម្បូណ៌បែបនៃសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់តំបន់ការពារធម្មជាតិ។ ការការពារប្រកបដោយប្រសិទ្ធភាព ទាំងការអនុវត្តច្បាប់ និងការរៀបចំផែនការអភិរក្សបានត្រឹមត្រូវ រួមនឹងការចូលរួមពីសហគមន៍ បានធ្វើឱ្យល្បាយនៃសត្វក្ងោក ដែលជាសត្វកម្រនេះមានចំនួនកើនឡើងនៅក្នុងតំបន់ការពារធម្មជាតិ។

ដោយ​ឡែក​បើ​យោងតាមរបាយការណ៍សិក្សារួមគ្នា រវាងក្រសួងបរិស្ថាន និងអង្គការសមគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អំពីស្ថានភាពសត្វព្រៃរយៈពេល ១០ឆ្នាំ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២០ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ មានសត្វក្ងោកបៃតង ចំនួន ៩៦៦ក្បាល កំពុងរស់នៅ ហើយដែនជម្រកសត្វព្រៃកែវសីមា នៅតែជាតំបន់ដែលមានតម្លៃជីវៈចម្រុះខ្ពស់ដោយសារតែមានកំណត់ ត្រាជីវៈចម្រុះខ្ពស់ជាងតំបន់ការពារផ្សេងទៀត ក្នុងប្រទេសកម្ពុជា និងជាទីជម្រកនៃប្រភេទសត្វសំខាន់ៗជាសកលរួមទាំងមានពពួកពានរដែលជាប្រភេទជិតផុតពូជបំផុត និងប្រភេទជិតផុតពូជច្រើនមជាងគេលើពិភពលោក។លេីសពីនេះ​ទៅទៀត​ លោក នេត្រ ភក្ត្រា បានលើកឡើងថា តាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ពិភពលោកនៅមានសត្វក្ងោកពេញវ័យចន្លោះពី ១៥,០០០ ទៅ ២០,០០០ក្បាល។ កម្ពុជាត្រូវបានគេវាយតម្លៃថាមានសត្វក្ងោកបៃតង ដែលជាប្រភេទកម្រច្រើនជាងគេនៅលើពិភពលោក ខណៈប្រទេសមួយចំនួនទៀតដូចជា៖ ប្រទេសចិន វៀតណាម ថៃ ឡាវ និងឥណ្ឌូនេស៊ី ត្រូវបានប៉ាន់ស្មានថាមានចំនួនសត្វក្ងោកក្រោម ១,០០០ក្បាល ក្នុងប្រទេសនីមួយៗ៕ ដោយ​៖សហការី​


ចែករំលែក៖