ខេត្តកំពង់ឆ្នាំង៖ បុរសជាអ្នករត់តាក់ស៊ីម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់មកត្រូវបានក្រុមគ្រូពេទ្យបានពិនិត្យសំណាកតាមឧបករណ៍រហ័សជាបឋម ទៅលើសពរកឃើញវិជ្ជមានកូវីដ-១៩។
សពជនរងគ្រោះឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំមានមុខរបររត់តាក់ស៊ី ប្រពន្ធឈ្មោះគៀង ណៃ អាយុ៥៧ឆ្នាំមានកូន២នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០ ២១នេះឲ្យដឹងថា សពជនរងគ្រោះបានស្លាប់នៅវេលាព្រឹកថ្ងៃទី១០ ខែមិថុនានេះ។នៅ មុនពេលស្លាប់ជនរងគ្រោះមានអាការៈជំងឺធ្ងន់ធ្ងរ ហើយក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីដឹកយកទៅធ្វើការជួយសង្គ្រោះ។ប៉ុន្តែខាងរថយន្តពេទ្យមិនបានទាន់មកដល់ផង ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅនឹងផ្ទះតែម្តង។
លោកអធិការបានបន្តថា បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យសំណាកទៅលើសពជនរងគ្រោះជាបឋមរកឃើញថា សពអ្នករត់តាក់ស៊ីនេះ រកឃើញមានវិជ្ជមានកូវីដ-១៩ ខណៈនោះដែរក្រុមគ្រូពេទ្យក៏បានពិនិត្យសំណាកទៅលើប្រពន្ធនិងកូន២នាក់របស់សពលើកទីមួយលទ្ធផលអវិជ្ជមានទាំងអស់។
សពបុរសអ្នករត់តាក់ស៊ី ត្រូវបានដឹកយកទៅបូជានៅទីតាំងបូជាសពថ្មី ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អាជ្ញាធរបានបញ្ជាក់ផងដែរថា កាលនៅរស់បុរសអ្នករត់តាក់ស៊ីនេះ គាត់ចេះតែពោលប្រាប់ថារូបគាត់មានអាការៈឈឺសាច់ដុំ និងអស់កម្លាំងហេវហត់ តែមិនបានឈប់សម្រាកនោះទេ គឺគាត់នៅតែបន្តរត់ តាក់ស៊ីរហូតដល់ឈឺខ្លាំង មុនស្លាប់១ថ្ងៃទើបបានឈប់សម្រាប ហើយឈឺស្លាប់តែម្តង ៕ នាពេលនេះអាជ្ញាធរ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយបុរសអ្នករត់តាក់ស៊ីនេះ ដូចនេះអាជ្ញាធរសូមអំពាវនាដល់អ្នកដែលពាក់ព័ន្ធផ្ទាល់និងប្រយោល ពិសេសអ្នកដែលបានជិះរថយន្តររបស់គាត់ ចូលមកធ្វើសំណាក ៕
ដោយ ៖ ចន្ថា