ព័ត៌មានទាន់ហេតុការណ៍៖

លោក កៅ សំអាន តំណាងលោកឌី វិជ្ជានិងលោកស្រី ហ៊ុន ម៉ាណា បន្តយកគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផ្ដល់ជូនព្រឹទ្ធាចារ្យចាប៉ីដងវែងដែលមានជំងឺប្រចាំកាយនៅស្រុករមាសហែក

ចែករំលែក៖

    ខេត្តស្វាយរៀង៖ អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបាន លោក កៅ សំអាន ក្រុមការងារស.ស.យ.ក. ខេត្តស្វាយរៀង ជាតំណាងលោក ឌី វិជ្ជា ប្រធាន ស ស យ កខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់ជូនលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អុិន សារុន មានអាយុ៧៩ឆ្នាំដែលកំពុងមានជំងឺប្រចាំកាយ និងពិការភ្នែកទាំងសងខាង នារសៀលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១ស្ថិតនៅឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីអស់លោកក្រុមការងារ ស ស យ ក ខេត្តស្វាយរៀងជាច្រើននាក់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះលោកកៅសំអាន ក្រុមការងារស.ស.យ.ក. ខេត្តស្វាយរៀងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករលឹកពីសំណាក់ លោក ឌី វិជ្ជា ប្រធាន ស.ស.យ.ក.ខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ដែលតែងតែគិតគូរដល់លោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អុិន សារុន ជានិច្ច។

  លោកបន្តថា អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដែលផ្ដល់ជូននាពេលនេះរួមមានអង្ករចំនួនមួយបាវស្មើ៥០គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអីវមួយយួរ ទឹកផ្លែឈើមួយកេស ជែលលាងដៃ២ដបម៉ាស់២ប្រអប់និងថវិកាចំនួន១លាន២សែនរៀលផងដែរ។

  លោកបន្តថា ក្នុងខេត្តស្វាយរៀងមួយរយៈនេះមានការព្រួយបារម្ភជាខ្លាំងដោយសារមានករណីឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ គ្រប់ក្រុងស្រុកដោយសារកម្មកររោងចក្រក៏ដូចជាបងប្អូនពលករចំណាកស្រុកពីប្រទេសក្រៅនិងអ្នកធ្វើដំណើរឆ្លងកាត់ចូលទឹកដីខេត្តស្វាយរៀង ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវតែបន្តគោរពទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល នូវវិធានការ ៣កុំ ៣ការពារ ជាដាច់ខាត និងចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យបានខ្លាំងក្លាបន្តទៀត ពិសេសត្រូវពាក់ម៉ាស់ នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល និងរួមគ្នាកាត់ផ្ដាច់ ឫសគល់នៃការចម្លងជំងឺកូវីដ-១៩នៅខេត្តស្វាយរៀងឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយបើមិនចាំបាច់សូមកុំចេញពីផ្ទះឱ្យសោះ។

   ពេលបានទទួលអំណោយដ៏ថ្លៃថ្លានេះលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អុិន សារុន មានចិត្តសប្បាយរីករាយនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឌី វិជ្ជា ប្រធាន ស ស យ ក ខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ដែលបានផ្ដល់អំណោយគ្រឿងឧបភោគបរិភោគដល់រូបគាត់នាថ្ងៃនេះនិងសូមជូនពុទ្ធពរទាំង៤ប្រការចំពោះម្ចាស់ទានកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖