ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោកថយចុះ១២%ក្នុងរយៈពេល៧ថ្ងៃកន្លងមក

ចែករំលែក៖

តាមគេហទំព័រ Worldometers បានផ្សាយថា គិតមកដល់ថ្ងៃទី១៤ ខែមិថុនា ពិភពលោកមានអ្នកឆ្លងកូវីដ-១៩ សរុបជាង១៧៦,៧លាននាក់ និងស្លាប់៣,៨១លាននាក់ ។ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះពិភពលោក មានករណីឆ្លងកូវីដ-១៩ថយចុះខ្លាំង គឺថយចុះរហូតដល់ទៅ១២%។
ក្នុងរយៈពេល២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប ២៩៧.៦០៧នាក់គឺថយចុះយ៉ាងខ្លាំងបើប្រៀបធៀបមួយថ្ងៃមុនដែលមានអ្នកឆ្លង៣៧២.០០០នាក់។ ចំនួនអ្នកឆ្លងភាគច្រើននៅក្នុងប្រទេសឥណ្ឌា មានជាង ៦៧ពាន់នាក់ ប្រេស៊ីល មានជាង៣៦ពាន់នាក់ កូឡុំប៊ីមានជាង២៨ពាន់នាក់ រុស្ស៊ីជាង១៤ពាន់នាក់ អាហ្សងទីនជាង១៣ពាន់នាក់ និងឥណ្ឌូនេស៊ីជិត១ពាន់នាក់ ។
ដោយឡែកប្រទេសក្នុងតំបន់អាស៊ាននៅតែមានករណីឆ្លងកើនឡើងខ្ពស់ដដែល ជាមួយគ្នានេះដែរ ថៃកំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩ជាទ្រង់ទ្រាយធំ បង្កក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរទៅលើវិស័យនាំចេញរបស់ប្រទេសអាស៊ានមួយនេះ ខណៈដែលជំងឺរាតត្បាតសកលបានធ្វើឲ្យវិស័យទេសចរណ៍ ធ្លាក់ចុះដល់កម្រិតទាបបំផុតរួចទៅហើយ។
យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរថៃ រោងចក្រជាង១៣០ហើយបានកើតមានករណីឆ្លងជំងឺ COVID-19 ក្នុងនោះមនុស្សជាង ៧,១០០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាននៅក្នុងខេត្តសរុបចំនួន១១។ របាយការណ៍ទាំងអស់នេះ ត្រូវបានធ្វើឡើងអមជាមួយនិឹងទិន្នន័យនៃការឆ្លង COVID-19 នៅតាមពន្ធនាគារ និងការដ្ឋានសំណង់ផងដែរ។
ករណីផ្ទុះជំងឺឆ្លងរាតត្បាត COVID-19 នៅតាមរោងចក្រជាង ១៣០ខាងលើនេះ គឺគ្រាន់តែជាចំណែកតូចមួយ នៃរោងចក្រសរុបចំនួនជាង ៦,៣០០នៅទូទាំងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែក្រុមមន្ត្រីជំនាញបានបង្ហាញក្តីព្រួយបារម្ភថា ផលប៉ះពាល់លើវិស័យនាំចេញ នឹងអាចផ្ទុះឡើងធ្ងន់ធ្ងរ ចំពោះមុខការដួលរលំនៃវិស័យទេសចរណ៍៕ដោយ៖ ធីរីណា

រូបភាព៖ TTXVN


ចែករំលែក៖