ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះ ករណីមរណភាពរបស់លោក ម៉ម សុខេន អាយុ៤៩ឆ្នាំ

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះ ករណីមរណភាពរបស់លោក ម៉ម សុខេន អាយុ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម គឺមិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ទេ តែពិធីបុណ្យសពត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល ដែលមានជាធរមាន។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ លោក ម៉ម សុខេន អាយុ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងធ្លាប់បានរកឃើញវិជ្ជមាន មេរោគកូវីដ-១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ក្រោយការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបជាងមួយខែ លោកបានជាសះស្បើយជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តឃើញអវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យវិលត្រឡប់ទៅ លំឋានវិញ និងបានណែនាំឱ្យបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀត។

ដោយសារស្ថានភាព សុខភាពមានជំងឺរ៉ាំរ៉ៃផងនោះ ទោះបីជាការព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពសុខភាពមិនបានល្អឡើងវិញនោះឡើយ រហូតដល់យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម សុខេន បានទទួលមរណភាព នៅផ្ទះរបស់លោក ស្ថិតនៅភូមិដកពោធ៍ សង្កាត់ស្លក្រាម ក្រុង សៀមរាប។ ក្រោយមរណភាព ដើម្បីឱ្យកាន់តែបញ្ជាក់ច្បាស់ និងដើម្បីជៀសវាងការមានមន្ទិលសង្ស័យពី សាធារណជន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចុះយកសំណាកនៅព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលអវិជ្ជមាននៃមេរោគកូវីដ-១៩។

រដ្ឋបាលខេត្ត សម្រេចអនុញ្ញាតឱ្យក្រុមគ្រួសារសព លោក ម៉ម សុខេន ធ្វើបុណ្យតាមប្រពៃណ៏បាន តែត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជា ព័ត៌មាន និងយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕

ដោយ ៖ សិលា


ចែករំលែក៖