អន្តរជាតិ៖ បើតាមសារព័ត៌មាន The Nation បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,០០០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ជាមួយគ្នានេះ អ្នកជំងឺកូវីដចំនួន ១៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។មជ្ឈមណ្ឌល CCSA បានបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៣៦០ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៦៤០ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។
បន្ថែមពីនេះ អ្នកជំងឺចំនួន ៤,៧៧៤នាក់ផ្សេងទៀត ក្រោយជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២០២,២៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ១,៤៨៥នាក់ និងអ្នកជាសះស្បើយ ១៦២,៧១៨នាក់៕
ដោយ៖ស តារា