ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទេរសាំងដាក់ដបក្បែរជើងក្រានឆាបឆេះធុងហ្គាស ឆេះអស់ផ្ទះ១ខ្នងរបួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និងធ្វើឲ្យមនុស្សម្នាក់រងរបួស ខណៈដែលម្ចាស់ផ្ទះបានយកសាំងចាក់ផ្ទេរដាក់ដប នៅក្បែរជើងក្រានបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១១នាទីព្រឹកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

  លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យឱ្យបានដឹងថា ករណីអគ្គិភ័យនេះបានបង្កឱ្យរងបួសមនុស្សម្នាក់ ឈ្មោះ ស៊ុន សុវណ្ណ (ហៅ ចាន់រ៉ា) ភេទប្រុស អាយុ ២៦ឆ្នាំ ជាម្ចាស់ផ្ទះ ។ ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះមានទំហំ ៦ម៉ែត្រ×៨ម៉ែត្រ ជាផ្ទះលក់ចាប់ហួយ រងការខូចខាតទាំងស្រុង  ឆេះអស់ម៉ូតូ១គ្រឿង ថវិកា ដែលសរុបជាទឹកប្រាក់ប្រមាណជាង៥ពាន់ដុល្លារ។ 

  ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានយកសាំងចាក់ផ្ទេរចេញចូលដប នៅក្បែរជើងក្រាន។ ពេលដែលកំពុងចាក់ផ្ទេរ ស្រាប់តែឆាបឆេះតែម្តង ហើយរាលទៅឆេះកំប៉ុងហ្គាសនិង ធុងហ្គាស ដែលមិនអាចជួយពន្លត់ទាន់ ហើយបង្កឱ្យម្ចាស់ផ្ទះរងរបួសផងដែរ ។

 ក្រោយពេលកើតហេតុ បុរសម្ចាស់ផ្ទះត្រូវបានដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាពភ្លាមៗ៕

ដោយ ៖  ចន្ថា


ចែករំលែក៖