ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើម

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជាងជួសជុលរថយន្តម្នាក់បានបើកសាករថយន្តភ្ញៀវដែលយកមកជួសជុលដោយប្រើល្បឿនលឿនមិនប្រុងប្រយ័ត្នទៅដល់ផ្លូវបត់បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើង១ដើម បាក់រាបដល់ដី តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបឹងកក់ តាមបណ្ដោយផ្លូវ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ដែលជា ជាងរថយន្តបានបើកសាករថយន្តភ្ញៀវដែលយកមកជួសជុល គឺរថយន្តម៉ាក Lexus 450 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2C-7997 តាមបណ្ដោយផ្លូវ R6 នៅតំបន់បឹងកក់ដោយប្រើល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនក៏ទាញចង្កូតបត់ឆ្វេង តែបួងចង្កូតមិនទាន់ស្រាប់តែជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើម ហើយរថយន្តក៏បន្តទៅឡើងសួនទើបអស់ល្បឿន តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។

ក្រោយពេលកើតហេតុ កងសន្តិសុខឯកជនក្នុងតំបន់បឹងកក់បានឃាត់បុរសអ្នកបើករថយន្ត រួមទាំងរថយន្តនៅនឹងកន្លែងហេតុ ភ្លាមៗនោះបុរសជាជាងរថយន្តបានធ្វើការសម្របសម្រួលជាសំណងទៅក្រុមហ៊ុនឯកជន ក្នុងតំបន់បឹងកក់នោះ ដើម្បីបញ្ចប់រឿង៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖