ព័ត៌មានទាន់ហេតុការណ៍៖

អាជីវក​របោះ​ដុំ​បន្លែ​ផ្សារ​ដើម​គ​ ​ត្អូញត្អែរ​ពី​ការលក់​ថយចុះ​ និង​បាត់បង់​ម៉ូយ​អស់ជាច្រើន

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមការលើកឡើងរបស់​អាជីវក​របោះ​ដុំ​បន្លែ​ស្ថិតនៅ​បណ្តោយ​ផ្លូវ​ព្រះមុនី​រ៉េត ក្បែរ​ផ្សារ​ដើម​គរ ក្នុង​រាជធានី​ភ្នំពេញ​ បានបញ្ជាក់ថា​ ខណៈដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ប្រកាស​ឱ្យ​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ​ បន្ទាប់ពី​ផ្អាក​មួយរយៈ​ពេល​ក្រោយ​ឆ្លង​រាលដាល​វីរុស​កូ​វីដ-​១៩​ គិត​មកដល់ពេលនេះរ​យៈ​ពេល​ប្រមាណ​ជាង​១​ខែ​ហើយ​ ប៉ុន្តែ​ពួកគាត់​បាន​ត្អូញត្អែរថា ការលក់​សព្វថ្ងៃ​មានការ​ថយចុះ និង​បាត់បង់​ម៉ូយ​អស់ជាច្រើន​ផងដែរ​។​

ជាក់ស្ដែង​បេីតាមការ​បញ្ជាក់ពី​​អ្នក​ចែកចាយ​បន្លែ​បោះ​ដុំ​ អ្នកស្រី​ ឃីម​ ​ឬ​ហៅថា​ ​អុី​វ៉ែនតា​ បាន​និយាយរៀបរាប់ថា​ បេីទោះបីជា​បាន​បើក​លក់​ឡើងវិញ​ក៏ដោយ​ប៉ុន្តែ​រយៈពេល​ជា​ង​មួយខែ​នេះ​ ​លក់​មិនបាន​ច្រើន​ដូច​មុន​ទេ​និង​ខាតបង់​ប្រាក់​ដើម​ថែមទៀត​ដោយសារ​ការលក់​ថយចុះ​ហើយ​ម៉ូយ​ក៏​បាត់​និង​ត្រូវ​ចំណាយ​ថ្លៃ​ជួល​កន្លែង​ថែមទៀត​។

​អាជីវករ​រូប​នេះ​ បន្តថា​ ពីមុន​នៅក្នុង​មួយថ្ងៃ​អាច​លក់​បន្លែ​ចេញ​អស់​ចំនួន​ជាង​១​ពាន់​តោន​តែ​សព្វថ្ងៃនេះ​ លក់​ចេញ​ប្រមាណ​តែ​៤០០​ទៅ​៥០០​គីឡូក្រាម​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ ខណៈដែល​អ្នកស្រី​បើក​លក់​ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​៥​ភ្លឺ​។​

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ អាជីវករ ២​នាក់​ផ្សេងទៀត​ ​ដែល​លក់ដូរ​ក្បែរ​គ្នា​នេះ ក៏បាន​លើកឡើងថា ក្នុងអំឡុងពេល​បិទ​ខ្ទប់ និង​ផ្អាក​លក់​មួយរយៈ​ពេលកន្លងមក ពិតជា​មានការ​លំបាក និង​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​យ៉ាងច្រើន​។បន្ថែមពីនេះ​ អាជីវករ​ទាំងអស់នេះ​ ​បានសង្កត់ធ្ងន់ថា ទោះបីជា​ពួកគាត់បាន​ត្រឡប់មក​លក់​នៅ​ទីតាំង​ចាស់​ឡើងវិញ​ក៏ដោយ តែ​ពួកគាត់​លក់​មិនសូវ​ដាច់​ច្រើន​ដូច​មុន​នោះទេ ព្រោះថា​ការលក់​មិនមែន​មានតែ​មួយកន្លែង​ និង​ផ្តុំគ្នា​ដូច​ពីមុន​ទេ។ ​ចំណែក​​អ្នកទិញ​ខ្លះ​បាន​ងាក​ទៅ​ទិញ​នៅ​កន្លែង​ផ្សេង​ដូចជា៖​ ​នៅ​រង្វង់​មូល​គួរ​ស្រូវ​ជាដើម ដែល​អាជីវករ​មួយចំនួនធំ​បាន​រើ​ទៅ​លក់​នៅ​ទីនោះ​ជំនួស​ឲ្យ​ទីតាំង​ចាស់​៕​

ដោយ​៖សហការី​


ចែករំលែក៖