ព័ត៌មានទាន់ហេតុការណ៍៖

ហុល្លង់និងប៊ែលហ្ស៊ិក ដឹកដៃអុីតាលីទៅកាន់វគ្គ១៦ក្រុមចុងក្រោយខណៈនៅសល់ម្នាក់មួយប្រកួតទៀតនៅវគ្គចែកពូល

ចែករំលែក៖

​ក្រុមជម្រើសជាតិហុល្លង់ និងប៊ែលហ្ស៊ិក ទទួលជោគជ័យរៀងខ្លួនក្នុងការប្រកួតលើកទី២របស់ពួកគេ​ហើយបានឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិអុីតាលីដែលទទួលបាន៦ពិន្ទុនៅក្នុងពូលរបស់ពួកគេរៀងៗខ្លួននៃកម្មវិធីយ៉ូរ៉ូឆ្នាំ២០២០នេះ។

​ហុល្លង់បានយកឈ្នះលើក្រុមជម្រើសជាតិអូទ្រីសដោយលទ្ធផល២-០ដែលស៊ុតបាល់បញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធ Memphis Depayនៅនាទីទី១១ដែលជាគ្រាប់បាល់ពិន័យ១១ម៉ែត្រ និង មួយគ្រាប់ទៀតកើតចេញពីកីឡាករ Denzel Dumfriesនៅក្នុងតង់ទី២នាទីទី៦៧។

ក្រុមជម្រើសជាតិហុល្លង់ដែលដឹកនាំដោយលោកគ្រូបង្វឹក Frank de Boerទទួលបាន៦ពិន្ទុ ដោយឈ្នះក្រុមអ៊ុយគ្រែន៣-២ កាលពីពីប្រកួតដំបូង​ហើយចុងក្រោយពួកគេនឹងត្រូវប៉ះក្រុមម៉ាកសេដូនៀខាងជើង។

ចំណែកក្រុមជម្រើសជាតិប៊ែលហ្ស៊ិក​ក៏មានឱកាសទៅលេងវគ្គ១៦ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះលើក្រុមដាណឺម៉ាក ដោយលទ្ធផល ២-១ កាលពីយប់មិញផងដែរ។​

ដាណឺម៉ាកបាននាំមុខមុនដោយការស៊ុតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធPoulsen នៅនាទីទី២ទើបចាប់ផ្តើមការប្រកួតបានតែបន្តិច ប៉ុន្តែការប្រកួតនៅក្នុងតង់ទី២ គ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្ស៊ិកបានផ្លាស់ប្តូរកីឡាករសំខាន់ៗ៣នាក់ចូលមានដូចជា Kevin De Bruyne, Eden Hazard និង Axel Witsel ធ្វើឲ្យក្រុមប៊ែលហ្ស៊ិកអាចវាយបកមកលើក្រុមដាណឺម៉ាកវិញចំនួន២គ្រាប់ដែលស៊ុតបាល់បញ្ចូលទីដោយកីឡាករ Thorgan Hazard និង De Bruyne

ប៊ែលហ្ស៊ិកទទួលបាន៦ពិន្ទុក្នុងចំណោម២ប្រកួតខណៈដាណឺម៉ាកចាញ់ទាំងពីរប្រកួតរបស់ពួកគេ។ ចំណែកឯក្រុមជម្រើសជាតិអុីតាលីក៏មានទំរង់លេងល្អផងដែរដែលទទួលបាន៦ពិន្ទុដូចគ្នាក្នុងចំណោម២ប្រកួតហើយបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយទោះបីជានៅសល់មួយប្រកួតចុងក្រោយក្នុងវគ្គចែកពូលនេះ៕

ដោយ ៖ ភារៈ


ចែករំលែក៖