ព័ត៌មានទាន់ហេតុការណ៍៖

ឈុតបុរាណប្រណីតគ្រងដោយ ខ្លឹម ស្រីគា ស្អាតហើយអត្ថន័យក៏ល្អទៀត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាស្រស់ស្អាតទាក់ភ្នែកសម្រាប់ឈុតប្រណីតបុរាណថ្មីដែលគ្រងដោយ Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា ដែល ធ្វើឲ្យទស្សនិកជនសរសើរមិដាច់ពីមាត់ក្រោយពីនាងបញ្ចេញម៉ូតប្រណីតបុរាណមួយនេះ ។ ឈុតប្រណីតពណ៌ក្រហមដិតនេះ គឺជាឈុតច្នៃ និងសាកល្បងតំឡើងថ្មីដែលមានឈ្មោះថា ហរិហរល័យភិមានអប្សរ មានន័យថា ស្ត្រីដែលមានសម្បុរថ្លាស្រស់ ផូរផង់ ស្រីសួរ ស្រីទេពអប្សរមួយអង្គ នាសម័យអង្គរ។

  កញ្ញា ខ្លឹមស្រីគា បានបញ្ជាក់បន្ថែមថា នាងពិតជាពេញចិត្ត និងសប្បាយចិត្តដែលបានរួមការងារជាមួយក្រុមអ្នកជំនាញដែលបានបង្កើតស្នាដៃសិល្បៈនេះឡើង  ដែលនាងចាត់ទុកថាជាចំណែកមួយសំខាន់ក្នុងការលើកកម្ពស់មុខមាត់សិល្បៈវប្បធម៌ជាតិ ក្រោមគំនិតច្នៃប្រឌិតថ្មីប្លែករបស់យុវជនជំនាន់ក្រោយ ផ្អែកលើកេរតំណែលរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ងាកមកការងារសិល្បៈវិញ ម្ចាស់មកុដកញ្ញាឯករូបនេះបានលើកឡើងថា ក្រោយពីផលិតកម្ម និងការផលិតភាពយន្តចាប់ផ្តើមដំណើរការឡើងវិញគឺនាងទទួលបានការងារថ្មីជាបន្តបន្តាប់ទាំងការថត ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម  រួមទាំងកំពុងចចារអំពីការងារថតភាបយន្តសម្រាប់ផលិតកម្មមួយចំនួនផងដែរ។

នាងថាការងារទាំងនេះនឹងរួមចំណែកបម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ។ រូបថតនេះត្រូវបានគេដឹងថាថតដោយ លោក តេងសាម៉ៅ និង អាហ៊ា សា តុបតែងមុខដោយ វ៉ុន សុជាតិ រចនាដោយ លោក បុត្រនោះ។ កាន់តែធ្វើឲ្យទាក់ចិត្តគឺឈុតនេះលម្អដោយគ្រឿងអលង្កាប្រណីតចម្លងចេញពីរូបចម្លាក់ទេពអប្សរាស្រីសួរនោះតែម្តង ខណៈដែលកាយវិកាល្វតល្វន់ទន់ភ្លន់ និងទេសភាពបុរាណ ធ្វើឲ្យគេកាន់តែចាប់ភ្លឹកនឹងរូបថតប៉ុន្មានសន្លឹកនេះ។

  គួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានការច្នៃឈុតប្រណីតបុរាណជាច្រើន ដោយក្រុមអ្នកជំនាញជាច្រើនពិសេសក្រុមយុវជនដែលបានខិតខំសិក្សាស្រាវជ្រាវ និងបញ្ចេញស្នាដៃរបស់ពួកគេ រហូតទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងបានបង្កើតឈុតមួយចំនួនសម្រាប់បេក្ខភាពកញ្ញាឯកពីកម្ពុជាដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិថែមទៀតផង៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖