ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីត្រៀមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបីជូនពលរដ្ឋ

ចែករំលែក៖

ក្រសួងសុខាភិបាលរុស្ស៊ី បានត្រៀមលក្ខណៈចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបីជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ពីរដូស ប៉ុន្តែមានធាតុស៊ាំ និងអង់ទីគ័រមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
សារព័ត៌មាន Kommersant របស់រុស្ស៊ី បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko ដែលបានសន្យាថា នឹងប្រកាសពីគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដូសទីបី ក្នុងសប្តាហ៍នេះ។
គម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបី ត្រូវបានអភិបាលក្រុងមូស្គូ លោក Sergey Sobyani គាំទ្រ ហើយបញ្ជាក់ថានេះជាពេលវេលាសមស្របដើម្បីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩
ដូសទី៣។
រុស្ស៊ី បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V តាំងពីដើមឆ្នាំ២០២០ ដូច្នេះមកទល់ពេលនេះ មានរយៈពេល ៩ខែហើយរុស្ស៊ីបានចាក់វ៉ាក់សាំងជូនពលរដ្ឋ ហើយកម្រិតអង់ទីគ័រការពារក៏បានថយចុះផងដែរ ។
វិមានក្រិមឡាំង បានគាំទ្រគម្រោងចាក់វ៉ាក់សាំងដូសទីបី ដល់ពលរដ្ឋដែលមានអង់ទីគ័រចុះខ្យោយ ដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាព។ នៅក្នុងសប្តាហ៍នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងខ្ពស់។ តំបន់មួយចំនួននៅក្នុងប្រទេសរុស្ស៊ីបានអនុម័តច្បាប់ ក៏ដូចជាបញ្ចុះបញ្ជូលពលរដ្ឋឱ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ៕ដោយ៖ធីរីណា

រូបភាព៖AP

 

 


ចែករំលែក៖