ខេត្តកំពង់ស្ពឺ៖គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារ! ការសម្រេចចិត្តខុសតែមួយពេល អាចធ្វើឱ្យអ្នកបាត់បង់គ្រប់បែបយ៉ាង ទាំងសុខភាព កិត្តិយស និងមនុស្សជាទីស្រឡាញ់។ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសំរោងទង។
ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០១:១០នាទីយប់ ថ្ងៃទី០៤ខែតុលាឆ្នាំ២០២៦ ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ មានករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ។
ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងល្បាតមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់ទីតាំងប្រជាពលរដ្ឋរាយការណ៍ បានឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់។
ជនសង្ស័យមានឈ្មោះ ជួន ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសុីឈ្នួលកាប់គោ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់(ទម្ងន់០.៦០ក្រាម),ទូរស័ព្ទចំនួន០១គ្រឿង,កាបូបលុយចំនួន០១និងថង់ច្រកមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យជាស្ត្រីខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច