ខេត្តមណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចម្រុះចុះបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហុ៊ចព្រំដែន(កម្ពុជា-វៀតណា) ! ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។យ៉ាងតិចមានឈើប្រមាណជា ពីររយកំណាត់ ជាមួយនឹងត្រាក់ទ័រ ចំនួនពីរគ្រឿង ,រួមទាំងវត្ថុតាងចាប់យកមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាបក្នុងបទល្មើសជាក់ស្ដែង និងបន្សល់ស្នាមគល់ឈើអារ ផ្តួលរលំ អាចមានគោលដៅលួចដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអូរហ៊ុច ប៉ុន្តែសមត្ថកិច្ចគ្រប់គ្រងស្ថានភាពបានទាន់ពេលវេលា ស្រាវជ្រាវឈានដល់ការបង្ក្រាប ។
ប្រតិបត្តិការដ៏មានលក្ខណះទ្រង់ទ្រាយធំនេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបបទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១ បង្ក្រាបបានឈើ ចំនួន២០០រួមនិងគ្រឿងចក្រមួយចំនួនទៀត។
សមត្ថកិច្ចឱ្យដឹងថា, កំណាត់ឈើចំនួន២០០ដុំ(ស្រឡៅ១៥០ដុំ , សុក្រម៥០ដុំ) ត្រាក់ទ័រ ០២គ្រឿង ម៉ូតូកែច្នៃ ០១គ្រឿងត្រូវបានកម្លាំងជំនាញ និងស្ថាប័នអយ្យការបង្ក្រាបបាន បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវរកជនល្មើស និងអ្នកនៅពីក្រោយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំណែកវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃ(៦៤)។
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ត្រូវសមត្ថកិច្ចចម្រុះបន្តចុះតួ្រតពិនិត្យកន្លែងកើតហេតុ និងឈានដល់រាប់គល់ឈើដែលបានកាប់ទាំងនោះ។ ប៉ុន្តែប្រភពខ្លះសង្ស័យថាមានលោក ជា វណ្ណៈ និងលោក ថន សឿន ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ត្រង់ថាគាត់ចូលរួមដោយមធ្យោបាយណា គេមិនទាន់ធ្វើការបញ្ជាក់ជាផ្លូវការនៅឡើយ ហើយក៏មិនទាន់ឃើញសមត្ថកិច្ចហៅលោក ជា វណ្ណៈ និងលោក ថន សឿន សាកសួរផងដែរ គ្រាន់តែដឹងថា, បុគ្គលទាំង២ជាមន្ត្រីកងរាជអាវុធហត្ថ។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានប្រាប់អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”តាមទូរស័ព្ទថា, “ចំពោះករណីបង្ក្រាបនៅអូរហ៊ុចនោះ មិនអីទេបើពាក់ព័ន្ធ អនុវត្តច្បាប់ទៅ ខ្ញុំមិនដឹងទេ រួចក៏បិទទូរស័ព្ទ។ ដោយឡែកលោក ជា វណ្ណ: ជាមួយអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” តាមទូរស័ព្ទ លោកបានធ្វើការបដិសេធថាលោកអត់ពាក់ព័ន្ធទេ ដោយលោកនិយាយយ៉ាងខ្លីថា, “ខ្ញុំមិនដឹងអីទេ អត់ដឹងឮអីទាំងអស់សូមអរគុណ”។
ចំពោះលោក ថន សឿន មិនទាន់សុំការបំភ្លឺបានទេ ដោយគ្មានលេខទូរស័ព្ទ។
ទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ច ជំនាញ អាជ្ញាធរ និងតំណាងអយ្យការកំពុងដំណើរការនីតិវិធី ដោយយកចិត្តទុកដាក់បំផុត ដើម្បីស្រាវជ្រាវរកជនពាក់ព័ន្ធនឹងបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុចនេះ៕
ដោយ៖ សុខ ខេមរា