ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលីស​ថៃ​ ចាប់​ខ្លួន​ម្ចាស់ក្រុមហ៊ុននាំចេញផ្លែទុរេននៅប្រទេសថៃ ខណៈ​យកទុរេនវៀតណាម​ បន្លំជាទុរេនថៃរួចនាំចេញទៅប្រទេសចិន

ចែករំលែក៖

អន្តរជាតិ​៖​ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន thestar បានចុះផ្សាយថា​ ម្ចាស់ក្រុមហ៊ុនទិញផ្លែឈើមួយនៅខេត្ត Chanthaburi ប្រទេសថៃ​ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទទី២១ ខែមិថុនា កន្លងទៅថ្មីៗនេះ ពីបទប្រើប្រាស់វិញ្ញាបនបត្រកសិកម្មល្អ (GAP) និងការអនុវត្តការផលិតល្អ (GMP) ក្លែងក្លាយក្នុងការនាំចេញផ្លែទុរេនរបស់វៀតណាម​ ទៅកាន់ប្រទេសចិនដោយប្រាប់ថាជាទុរេនថៃ។

ជាក់ស្ដែង​បើតាមទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍ថៃ​ លោក Alongkorn Polabutr បានមានប្រសាសន៍ថា៖ យើងបានស៊ើបអង្កេតក្រុមហ៊ុនទិញផ្លែឈើមួយដែលមានឈ្មោះថា «Lung Tu Odd» ដែលមានទីតាំងនៅ Khlong Narai នៃខេត្ត Chanthaburi និងបានរកឃើញថា ពួកគេបានប្រើប្រាស់វិញ្ញាបនប័ត្រ (GAP) និង (GMP) ក្លែងក្លាយដើម្បីធ្វើឱ្យទុរេនដែលពួកគេបាននាំចូលពីប្រទេសវៀតណាម មើលទៅដូចជាទុរេនពីប្រទេសថៃ មុនពេលនាំចេញទៅកាន់ប្រទេសចិន។

យ៉ាងណាមិញ ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមហ៊ុននេះបាននាំចូលទុរេនពីប្រទេសវៀតណាមជាង ១៨ តោនដែលត្រូវបានលក់ក្នុងតម្លៃ ៧០ បាតក្នុងមួយគីឡូក្រាម ហើយគ្រោងនឹងនាំចេញទៅប្រទេសចិនក្នុងតម្លៃ ១៦០ បាតក្នុងមួយគីឡូក្រាម។

បន្ថែមពីនេះ​ ទីប្រឹក្សារដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លោក Chalermchai Srion រដ្ឋមន្ត្រីកសិកម្មនិងសហករណ៍​ បានបញ្ជាឱ្យមន្ទីរកសិកម្មធ្វើការជាមួយប៉ូលីសនាយកដ្ឋានគយ នាយកដ្ឋានពាណិជ្ជកម្មបរទេស និងនាយកដ្ឋានស៊ើបអង្កេតពិសេស ដើម្បីស៊ើបអង្កេតបណ្តាញរបស់ក្រុមហ៊ុនក៏ដូចជាអ្នកចែកចាយផ្លែឈើដទៃទៀតនៅក្នុងឋេត្តដែលកំពុងដាំដុះទុរេន ដើម្បីការពារការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ទុរេនថៃនៅក្នុងទីផ្សារពិភពលោក។ដោយឡែក​ជុំវិញករណីនេះដែរ​ បេីយោងតាមនាយកដ្ឋានចរចាពាណិជ្ជកម្ម (DTN) បានបញ្ជាក់ថា​ ផ្លែទុរេនថៃ នៅតែជាអ្នកនាំមុខទីផ្សារនៅក្នុងប្រទេសចិន​ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះ​ការនាំចេញស្ដេចផ្លែឈើរបស់ថៃ (ទុរេន) ក្នុងត្រីមាសទី១ នៃឆ្នាំនេះទៅកាន់ប្រទេសចិនមានតម្លៃ ១៨៦ លានដុល្លារអាមេរិក កើនឡើង ១៤% ពីមួយឆ្នាំទៅមួយឆ្នាំ៕ដោយ​៖សហការី


ចែករំលែក៖