ព័ត៌មានទាន់ហេតុការណ៍៖

អូឡាំពិកតូក្យូ៖ ជប៉ុនហាមលក់ភេសជ្ជៈមានអាល់កុលនៅតាមទីតាំងប្រកួតកីឡា

ចែករំលែក៖

នៅថ្ងៃទី២៣ ខែមិថុនា គណៈកម្មការរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ បានប្រកាសហាមប្រាមលក់ភេសជ្ជៈ មានជាតិអាល់កុលនៅជិតទីតាំងប្រកួតកីឡាអូឡាំពិក ។
ទន្ទឹមនឹងនោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ គណៈកម្មការរៀបចំការប្រកួតបានហាមប្រាមនាំយកភេសជ្ជៈមានជាតិអាល់កុលចូលទស្សនាការប្រកួត ។ ចំណែកអ្នកទស្សនាដែលមានកម្តៅខ្លួនលើសពី៣៧,៥អង្សាសេក៏មិនអនុញ្ញាតឱ្យចូលទស្សនាដែរ។
កន្លងមកគណៈកម្មការរៀបចំការប្រកួត មានគម្រោងអនុញ្ញាតឲ្យលក់ភេសជ្ជៈមានជាតិអាល់កុលនៅកន្លែងប្រកួត ដោយសារតែអាចនឹងមានក្រុមហ៊ុនស្រាបៀរជប៉ុនផ្តល់ជំនួយសម្រាប់ការប្រកួតអូឡាំពិក ទីក្រុងតូក្យូ។ ប៉ុន្តែ ក្រោយមកបានទទួលរងការប្រឆាំងពីថ្នាក់ដឹកនាំរដ្ឋាភិបាលជប៉ុន និងសម្ព័ន្ធមិត្តកាន់អំណាច ។ ទាំងនោះហើយទើបគណៈកម្មការរៀបចំការប្រកួតបានសម្រេចផ្អាកការលក់ស្រាបៀរ នៅកន្លែងប្រកួត។
អ្នកចូលរួមទស្សនាការប្រកួតអូឡាំពិកគឺអនុញ្ញាតត្រឹមតែ៥០%ប៉ុណ្ណោះ ។ នៅថ្ងៃទី២២ខែមិថុនា កម្លាំងប៉ូលិសទីក្រុងតូក្យូ បានហ្វឹកហាត់ជាទ្រង់ទ្រាយធំ ដោយមានការចូលរួមពីប៉ូលិសជាង៥០០នាក់ ក្នុងនោះមានទាំងកម្លាំងប៉ូលិសប្រឆាំងអំពើហិង្សាផងដែរ។ នៅក្នុងពេលហ្វឹកហាត់កម្លាំងប៉ូលិស បានហ្វឹកហាត់ការពារបុគ្គលល្បីៗ និងកីឡាករ ក៏ដូចជាទប់ស្កាត់ការវាយប្រហារភេរវកម្ម។
ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុនបានលុបបម្រាមនៅក្នុងខេត្តក្រុងចំនួន៩ ក្នុងនោះមានទីក្រុងតូក្យូផងដែរ បើទោះបី មានករណីឆ្លងកូវីដ-១៩ កើនឡើងក្តី។ នៅថ្ងៃទី២២ខែមិថុនា ប្រទេសជប៉ុនមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៤៣៧នាក់ ។ ចំណែកនៅទីក្រុងតួក្យូមានករណីឆ្លង ៤៣៥នាក់ កើនឡើង៩៨នាក់ ៕ដោយ៖ ធីរីណា

រូបភាព៖AFP/TTXVN


ចែករំលែក៖