ក្លិបមេឃខៀវ Manchester City បានប្រាប់ទៅក្លិបមាន់ខ្នាយមាស Tottenham Hotspur ថា ពួកគេនឹងផ្តល់ប្រាក់ចំនួន១០០លានផោនសម្រាប់ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Time របស់អង់គ្លេសកាលពីថ្ងៃម្សិលមិញ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មេឃខៀវ Man City បានទាក់ទងក្លិប Tottenham ជាច្រើនសប្តាហ៍មុនដើម្បីបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេចំពោះកីឡាករវ័យ២៧ឆ្នាំ Harry Kane ហើយនឹងត្រៀមបញ្ចូលកីឡាកររបស់ Man City មួយចំនួននៅក្នុងកិច្ចព្រមព្រៀងផ្ទេរផងដែរ។
ខ្សែប្រយុទ្ធ Kane បានប្រាប់ទៅ Tottenham ថា គាត់ចង់ចាកចេញពីក្លិបបន្ទាប់ពីក្លិបខកខានមិនបានចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។
Man City គឺជាទិសដៅដែលគាត់ចង់បានទោះបីតម្លៃនៃកញ្ចប់សំណើរបស់ពួកគេមិនអាចទទួលយកបានចំពោះលោក Daniel Levy ដែលជាប្រធានក្លិប Tottenham ក៏ដោយ។
សំណើនេះត្រូវបានគេគិតថា មិនមានចែងក្នុងកិច្ចសន្យារបស់ Kane ដែលនឹងអនុញ្ញាតឱ្យគាត់ចាកចេញក្នុងករណីដែល Tottenham ខកខានមិនបានចូលរួមប្រកួតនោះទេ ។
គួរជម្រាបថា ប្រសិនបើការចរចាទៅរួចនោះ ក្លិប Man City ត្រូវត្រៀមខ្លួនដើម្បីរួមបញ្ចូលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Jesus អាយុ២៤ឆ្នាំ និងខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling វ័យ២៦ឆ្នាំក្នុងការដេញថ្លៃណាមួយសម្រាប់យកខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលក្លិប Tottenham ដាក់តម្លៃខ្លួនក្នុងរហូតដល់១៥០លានផោន ៕
ដោយ៖ ភារៈ