តាមគេហទំព័រ Worldometer បានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង១៨០,៣លាននាក់ ក្នុងនោះមានករណីឆ្លងថ្មី ៤២១ពាន់នាក់ ។ ចំណែកអ្នកស្លាប់វិញកើនឡើងដល់ជាង៣,៩លាននាក់ ក្នុងនោះមាន ៨,៣ពាន់នាក់ ។
កាលពីថ្ងៃទី២៣ខែមិថុនា នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩នៅអឺរ៉ុបបានប្រកាសឱ្យដឹងថា វីរុសបម្លែងថ្មីDelta ងាយឆ្លង ហើយអាចឆ្លងរាលដាលគ្របដណ្តប់៩០%នៃតំបន់អឺរ៉ុបទាំងមូល ។ ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងតំបន់អឺរ៉ុបលោកស្រី Andrea Ammon បានបញ្ជាក់ថា វីរុសបម្លែងថ្មី Delta នឹងអាចឆ្លងរាលដាលខ្លាំងក្នុងពេលខាងមុខ ពិសេសគឺក្មេងដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក ចាប់តាំងពីរកឃើញវីរុសបម្លែងថ្មីនៅឥណ្ឌា ប្រភេទ Delta មកទល់ពេលនេះ មាន៨៥ប្រទេសហើយបានឆ្លងវីរុសប្រភេទDeltaនេះ ។
ដោយឡែកនៅក្នុងប្រទេសរុស្ស៊ី ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងខ្ពស់ ចំណែកអ្នកឆ្លងក៏បានកើនឡើងខ្ពស់ផងដែរ ។ នៅពេលនេះ ទីក្រុងមូស្គូនិងតំបន់ជាច្រើនបានអនុវត្តវិធានការតឹងតែងដើម្បីទប់ស្កាត់។ ជាមួយគ្នានេះមន្ត្រីតាមមូលដ្ឋានបានស្នើដល់ពលរដ្ឋឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ បើមិនព្រមទៅចាក់ទេ អាចនឹងត្រូវបាត់បង់ការងារដោយសារតែក្រុមហ៊ុនមិនទទួលយកបុគ្គលិកដែលមិនទាន់ចាក់វ៉ាក់សាំងនោះឡើយ៕
ដោយ៖ ធីរីណា(រូបភាព៖TTXVN)