ក្រុមជម្រើសជាតិស៊ុយអែតធ្វើបានល្អដោយបានយកឈ្នះក្រុមខ្លាំងប៉ូឡូញក្នុងលទ្ធផល៣ទល់២ ក្នុងជំនួបវគ្គជម្រុះយូរ៉ូតាមពូលE កាលពីរាត្រីថ្ងៃទី២៣ មិថុនាម្សិលមិញ។ ចំណែកក្រុមជម្រើសជាតិអេស្ប៉ាញបានបំបាក់ក្រុមស្លូវ៉ាគីរហូតដល់៥ទល់០ ដែលនេះជាជ័យជម្នះលើកដំបូងរបស់អេស្ប៉ាញក្នុងវគ្គជម្រុះតាមពូល ដោយ២ប្រកួតកន្លងមកគឺស្មើទាំង២។
យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការប្រកួតក្នុងតង់ទី១ ក្រុមស៊ុយអែតមានឱកាសរកគ្រាប់បាល់នាំមុខ១គ្រាប់មុនក្រុមប៉ូឡូញ ដែលរកបានដោយកីឡាករ Forsberg នៅនាទីទី២ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួតតង់ទី១។ ចូលដល់តង់ទី២ កីឡាករ Forsberg ដដែលរកបាន១គ្រាប់បន្ថែមទៀតឲ្យស៊ុយអែត នៅនាទីទី៥៩ ប៉ុន្តែនៅនាទីទី៦១ និងនាទីទី៨៤ ខ្សែប្រយុទ្ធប៉ូឡូញ Lewandowskiរកបាន២គ្រាប់ម្នាក់ឯងធ្វើឲ្យលទ្ធផល២ទល់២។
ការប្រកួតជិតចប់ទៅហើយ កីឡាករ Claesson របស់ស៊ុយអែតគឺជាវីរបុរសដែលជួយក្រុមនេះឲ្យឡើងទៅកាន់វគ្គ១៦ ដោយរកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៩០+៣ ធ្វើឲ្យចប់ការប្រកួតស៊ុយអែតយកឈ្នះប៉ូឡូញ៣ទល់២ឡើងទៅកាន់វគ្គ១៦ក្រុមដោយជោគជ័យ។
ចំណែកក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយពីប្រកួតស្មើ២ប្រកួតជាប់គ្នានៅក្នុងវគ្គជម្រុះតាមពូល ក៏បានបំបាក់ក្រុមស្លូវ៉ាគីក្នុងលទ្ធផល៥ទល់០។ ការប្រកួតតង់ទី១ ក្រុមអេស្ប៉ាញរកបាន២គ្រាប់គឺ១គ្រាប់រកបានដោយការភ្លាត់ស្នៀតស៊ុតបញ្ចូលទីខ្លួនឯងពីសំណាក់អ្នកចាំទីកីឡាករ Dúbravka របស់ស្លូវ៉ាគីនៅនាទីទី៣០ និង១គ្រាប់ទៀតរកបានដោយកីឡាករ AymericLaporte នៅនាទីទី៤៥+៣ ក្នុងម៉ោងបន្ថែមតង់ទី១។
ចូលដល់តង់ទី២ ក្រុមជម្រើសជាតិអេស្ប៉ាញបានបន្តដាក់សម្ពាធលើក្រុមស្លូវ៉ាគី ដោយរកបាន៣គ្រាប់បន្ថែមទៀត ដោយគ្រាប់ទី៣រកបានដោយកីឡាករ Pablo Sarabia នាទីទី៥៦ គ្រាប់ទី៤ រកបានដោយកីឡាករ Ferran Torres នាទីទី៦៧ និងគ្រាប់ទី៤គឺជាការភ្លាត់ស្នៀតស៊ុតចូលទី១គ្រាប់ទៀតដោយកីឡាករ Kucka របស់ស្លូវ៉ាគីនៅនាទីទី៧១។ ចប់ការប្រកួតក្រុមអេស្ប៉ាញមានកៅអីគ្រប់គ្រាន់ ជាក្រុមឈរលេខ២ក្នុងពូលE ទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ៕
ដោយ៖ ភារៈ