អតីតប្រធានាធិបតីហ្វីលីពីនលោក Benigno “Noynoy” Aquino III ជាបុគ្គលបានជួយឲ្យហ្វីលីពីនមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៧០ និងប្រឈមមុខជាមួយចិន នៅវិវាទសមុទ្រចិនខាងត្បូង នៅក្នុងតុលាការ អន្តរជាតិ បានទទួលមរណៈភាពហើយក្នុងវ័យ៦១ឆ្នាំអតីតប្រធានាធិបតី Aquino បានឡើងកាន់អំណាចដឹកនាំហ្វីលីពីនតាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៦ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ទីក្រុង Quezon ប៉ុន្តែក្រោយមកក៏បានស្លាប់ដោយជំងឺបេះដូង។
លោក Aquino បុគ្គលនៅលីវ ចូលចិត្តជក់បារី និងលេងហ្គេម ក៏ដូចជា ចំណាយពេលវេលារស់នៅក្រោមស្រមោលរបស់ឪពុកម្តាយ ជាតំណាងនៃប្រជាធិបតេយ្យហ្វីលីពីន ។ លោកAquino ធ្លាប់បានប្រកាសថាមិនមានគម្រោងដឹកនាំប្រទេសទៀតឡើយ។
ឪពុករបស់លោក Aquino អតីតតំណាងរាស្ត្រនិងជាប្រធានគណបក្សប្រឆាំង គឺលោក Benigno Aquino Jr ត្រូវបានចាប់ខ្លួន ក្រោយរដ្ឋកាលដឹកនាំរបស់លោក Ferdinand Marcos ហើយត្រូវគេធ្វើឃាតនៅឆ្នាំ ១៩៨៣ ក្រោយការវិលត្រឡប់ចូលប្រទេសវិញបន្តាប់ពីរស់នៅរសាត់អណ្តែតនៅអាមេរិក ។ ៣ឆ្នាំក្រោយមកម្តាយរបស់លោកគឺលោកស្រី Corazon Aquino បានចូលរួមប្រជែងតំណែងប្រធានាធិបតីជាមួយ លោក Marcos ។ ក្រោយមករដ្ឋាភិបាលរបស់លោក Marcos ត្រូវផ្តួលរំលំ។
នៅឆ្នាំ២០០៩ ក្រោយការស្លាប់របស់ម្តាយ គឺលោកស្រី Corazon ជាប្រធានាធិបតីស្រីដំបូងរបស់ហ្វីលីពីន ពលរដ្ឋក៏បានជំរុញឲ្យលោក Aquino ជាសមាជិកព្រឹទ្ធសភាឈរឈ្មោះបោះឆ្នោតក្នុងរយៈពេលមួយឆ្នាំក្រោយមក។
លោក Aquino បានឆ្លើយតបបទសម្ភាសន៍របស់សារព័ត៌មាន Bloomberg កាលពីឆ្នាំ២០១៣ថា «ខ្ញុំមិនមានបំណងចង់ក្លាយជាប្រធានាធិបតី នោះឡើយ ប៉ុន្តែនេះជាវាសនា មនុស្សគ្រប់រូបបានស្វែងរកខ្ញុំ ជឿទុកចិត្តខ្ញុំ»។ ដោយឥទ្ធិពលរបស់ឪពុកជាអ្នកតស៊ូ និងម្តាយជាអតីតប្រធានាធិបតីស្រីដំបូងបង្អស់ ទទួលបានការគោរពស្រឡាញ់ ទើបផលល្អទាំងនោះបានផ្តល់ទៅលើលោកAquinoវិញ។
លោក Aquino កើតនៅថ្ងៃទី ៨ខែកុម្ភៈឆ្នាំ ១៩៦០ ជាកូនប្រុសតែមួយគត់ ក្នុងគ្រួសារមានបងប្អូន៥នាក់។ ក្រោយបញ្ចប់មហាវិទ្យាល័យសេដ្ឋកិច្ច លោកក៏បានជាប់ឆ្នោតក្លាយជា សមាជិកព្រឹទ្ធសភា។
ក្នុងរយៈពេល ៦ឆ្នាំធ្វើជាប្រធានាធិបតីដឹកនាំប្រទេស លោក Aquno ជួយឲ្យសេដ្ឋកិច្ចជាតិកើនឡើងខ្ពស់ជាមធ្យមពី៦,២%-៧% ដែលជាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៧០ ៕ដោយ៖ធីរីណា
អតីតប្រធានាធិបតីហ្វីលីពីន Benigno “Noynoy” Aquino III ។ (រូបភាព៖ Reuters )